(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ យោធារុស្ស៊ីបានអះអាងនៅថ្ងៃចន្ទនេះថា ប្រព័ន្ធមីស៊ីលការពារដែនអាកាសស៊ីរីបានស្ទាក់ចាប់ និងបំផ្លាញមីស៊ីល៣០គ្រាប់នៅក្នុងការឆ្លើយតបទៅនឹងការប្រហារតាមផ្លូវអាកាសរបស់យោធាអ៊ីស្រាអែល។ ប៉ុន្តែព្រមពេលជាមួយគ្នាទីក្រុងម៉ូស្គូបានទទួលស្គាល់ថាកងទ័ពស៊ីរី៤នាក់ បានបាត់បង់ជីវិត៕
២៖ យោធាប្រទេសរុស្ស៊ីបានប្រកាសឲ្យដឹងនាថ្ងៃចន្ទនេះថា ក្រុមនាវាចម្បាំងនៃអង្គភាពទ័ពជើងទឹករបស់ខ្លួនប្រចាំនៅឯសមុទ្របាល់ទិក បាននិងកំពុងតែតាមឃ្លាំមើលនាវាពិឃាតអាមេរិកចំនួនពីរគ្រឿងនៅក្នុងតំបន់នេះ៕
៣៖ ប្រធានាធិបតីឡាវ លោក Bounnhang Vorachit បានអំពាវនាវដល់កងទ័ពឡាវឲ្យប្រឹងប្រែងបង្កើនសមត្ថភាព និងត្រៀមលក្ខណៈដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការថែរក្សាការពារឯករាជ្យជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសឡាវ៕
៤៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ បាននិងកំពុងពិចារណាចុះសន្ធិសញ្ញាសន្តិភាពជាមួយប្រទេសរុស្ស៊ី ប្រសិនបើទីក្រុងម៉ូស្គូយល់ព្រមប្រគល់កោះចំនួន០២ នៃទីប្រជុំកោះឃើរៀល (Kuril Islands) ឲ្យមកខ្លួនវិញ ខណៈប៉ុន្មានថ្ងៃមុននេះ រុស្ស៊ីធ្លាប់បង្ហើបប្រាប់ទីក្រុងតូក្យូថាទីក្រុងម៉ូស្គូចង់បានប្រជុំកោះ Kuril ទាំងអស់៕
៥៖ កិច្ចខិតខំប្រឹងប្រែងអស់រយៈពេលរាប់ទសវត្សរ៍ ដើម្បីបិទបញ្ចប់អំពើហិង្សាដែលបានផ្ដាច់ជីវិតមនុស្សជាង ១៥០,០០០នាក់ នៅភាគខាងត្បូងប្រទេសហ្វីលីពីន បានចូលដល់ដំណាក់កាលចុងក្រោយហើយនៅថ្ងៃចន្ទនេះ ជាមួយការរៀបចំការបោះឆ្នោតប្រជាមតិមួយ ដែលនឹងផ្ដល់ក្រុមឧទ្ទាមម៉ូសី្លម នូវសិទ្ធិស្វ័យភាពគ្រប់គ្រងតំបន់៕
៦៖ នៅព្រឹកថ្ងៃចន្ទនេះ (ពេលវេលានៅកម្ពុជា) បាតុភូតច័ន្ទគ្រាសពណ៌ក្រហមតែមួយគត់ក្នុងឆ្នាំ២០១៩ បានកើតមានឡើងនៅលើផ្ទៃមេឃនៃទ្វីបអាមេរិកទាំងមូល រួមជាមួយផ្នែកខ្លះនៃតំបន់អឺរ៉ុបនិងអាហ្វ្រិក (ត្រូវនឹងយប់ថ្ងៃអាទិត្យនៅតាមតំបន់ទាំងនេះ)៕