(ម៉ូស្គូ)៖ អាជ្ញាធរឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី Roskomnadzor បានដាក់ចេញវិធានការរដ្ឋបាលប្រឆាំងក្រុមហ៊ុន Facebook និង Twitter ហើយនៅថ្ងៃចន្ទនេះ ដោយចោទថាក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមយក្សអាមេរិកទាំងពីរមិនបានគោរពតាមច្បាប់របស់រុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩។
ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ប្រធាន Roskomnadzor លោក Alexander Zharov បានគូសបញ្ជាក់ដូច្នេះថា៖«នៅថ្ងៃនេះ Roskomnadzor បានចាប់ផ្ដើមដាក់ចេញនូវវិធានការរដ្ឋបាលនានាប្រឆាំងក្រុមហ៊ុន Facebook ក៏ដូចជា Twitter»។ លោកបន្ថែមថាក្រុមហ៊ុន អាមេរិកទាំងពីរនេះមិនបានផ្ដល់ព័ត៌មានគួរឱ្យទុកចិត្តស្ដីពីការកំណត់ទិន្នន័យរបស់អ្នកប្រើប្រាស់នៅលើទឹកដីរុស្ស៊ីនោះទេ ហើយមិនតែប៉ុណ្ណោះ ពួកគេក៏មិនបានផ្ដល់ព័ត៌មានលម្អិតពីគម្រោងស្ដុកទុកទិន្នន័យអ្នកប្រើប្រាស់ដែរ។
គួរបញ្ជាក់ថា អាជ្ញាធរុស្ស៊ីបានព្រមានក្រុមហ៊ុន Facebook និង Twitter ជាច្រើនលើកថាអាចនឹងប្រឈមមុខនឹងការបិទដំណើរការតែម្ដង បើ សិនជាមិនព្រមគោរពតាមច្បាប់ឆ្នាំ២០១៤ ដែលបានតម្រូវឱ្យក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម ស្ដុកទុកទិន្នន័យអ្នកប្រើប្រាស់ជាជនជាតិ រុស្ស៊ីនៅក្នុងប្រទេសរុស្ស៊ី។ ដោយឡែក កាលពីឆ្នាំ២០១៦ ក្រុមហ៊ុន LinkedIn ត្រូវបានបិទដំណើរការដ៏គួរឱ្យភ្ញាក់ផ្អើលក្រោយអាជ្ញាធររុស្ស៊ី Roskomnadzor អះអាងថាក្រុមហ៊ុននេះបានរំលោភលើច្បាប់ស្ដុកទុកទិន្នន័យ៕