(បរទេស)៖ នៅព្រឹកថ្ងៃចន្ទនេះ (ពេលវេលានៅកម្ពុជា) បាតុភូតច័ន្ទគ្រាសពណ៌ក្រហមតែមួយគត់ក្នុងឆ្នាំ២០១៩ បានកើតមានឡើងនៅលើផ្ទៃមេឃនៃទ្វីបអាមេរិកទាំងមូល រួមជាមួយផ្នែកខ្លះនៃតំបន់អឺរ៉ុបនិងអាហ្វ្រិក (ត្រូវនឹងយប់ថ្ងៃអាទិត្យនៅតាមតំបន់ទាំងនេះ)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅល្ងាចថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩។
បាតុភូតច័ន្ទគ្រាសខាងលើត្រូវបានមើលឃើញពីប្រទេសនៅឯតំបន់អាមេរិកខាងជើងនិងខាងត្បូង ព្រមទាំងកោះគ្រីនឡែន អ៊ីស្លង់ អៀរឡង់ ចក្រភពអង់គ្លេស ន័រវែស ស៊ុយអែត ព័រទុយហ្គាល់ បារាំង អេស៉្បាញ និងអាល្លឺម៉ង់។ បាតុភូតនេះបានលេចឡើងនាវេលាយប់ថ្ងៃអាទិត្យនៅតាមតំបន់ទាំងនោះ តែត្រូវនឹងពេលព្រឹកនៅប្រទេសកម្ពុជា ហើយមានរយៈពេល៦២នាទី។
គួរជម្រាបថា ច័ន្ទគ្រាសខាងលើគេហៅថាច័ន្ទគ្រាសក្រហមឬច័ន្ទគ្រាសលោហិត ពីព្រោះវាជាបាតុភូតច័ន្ទគ្រាសពេញលេញ (ព្រះច័ន្ទត្រូវស្រមោលផែនដីបាំងជិតទាំងស្រុង)។ ព្រះច័ន្ទមើលទៅមានពណ៌ក្រហម ដោយសារតែការជះរាយប៉ាយនៃពន្លឺរបស់ព្រះអាទិត្យនៅក្នុងបរិយាកាសផែនដី ហើយព្រះច័ន្ទដែលមានលក្ខណៈបែបនេះ ពេលខ្លះត្រូវគេហៅថា «Blood Moon»។
រីឯព្រះច័ន្ទពេញវង់នៅក្នុងខែមករា ជួនកាលគេហៅថា Wolf Moon (ព្រះច័ន្ទចចក) ម៉្យាងវិញទៀតវាក៏ខិតមកជិតផែនដី ជាហេតុធ្វើឲ្យវាមើលទៅធំភ្លឺជាងធម្មតាថែមទៀត និងត្រូវគេហៅថា Supermoon ផងដែរ។ សរុបសេចក្តីមកបាតុភូតច័ន្ទគ្រាសនៅថ្ងៃនេះមានឈ្មោះពេញថា «Super Bood Wolf Moon»។ ព្រឹត្តិការណ៍ច័ន្ទគ្រាសពេញ (Total Eclipse) ដែលអាចមើលឃើញនៅលើផែនដី នឹងមិនកើតឡើងទៀតឡើយរហូតទាល់តែដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១៕