(ហាណូយ)៖ រសៀលថ្ងៃចន្ទនេះរថយន្តធុនធំមួយគ្រឿង បានបុកមនុស្សមួយក្រុមដែលកំពុងដើរឆ្លងផ្លូវជាតិ ដើម្បីទៅចូលរួមពិធីបុណ្យសពមួយកន្លែង នៅខេត្ត Hao Duong ភាគខាងជើងប្រទេសវៀតណាម បណ្តាលឲ្យស្លាប់មនុស្ស៩នាក់ និងរងរបួសចំនួន៣នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩។
គ្រោះថ្នាក់ខាងលើដែលកើតឡើងនៅលើផ្លូវជាតិលេខ៥នៃប្រទេសវៀតណាម បានផ្តាច់ជីវិតមនុស្ស៧នាក់ភ្លាមៗនៅហ្នឹងកន្លែង ខណៈ២នាក់ទៀតបានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ដើម្បីព្យាយាមជួយសង្រ្គោះ។ ភាគច្រើននៃអ្នករងគ្រោះគឺជាជនវ័យចំណាស់ដែលដើរឆ្លងថ្នល់។ ទន្ទឹមនឹងនេះ ប៉ូលិសក្នុងតំបន់កើតហេតុ កំពុងបើកការស៊ើបអង្កេតទៅលើករណីគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់នេះ។
គួរជម្រាបថា ក្នុងឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍ប្រមាណ១៨,២៣២ករណី បានកើតឡើងនៅក្នុងប្រទេសវៀតណាម ដោយមនុស្សចំនួន៨,១២៥នាក់បាត់បង់ជីវិត ៥,១២៥នាក់រងរបួសធ្ងន់ ៩,០៧០នាក់របួសស្រាល៕