(ម៉ូស្គូ)៖ យោធាប្រទេសរុស្ស៊ីបានប្រកាសឲ្យដឹងនាថ្ងៃចន្ទនេះថា ក្រុមនាវាចម្បាំងនៃអង្គភាពទ័ពជើងទឹករបស់ខ្លួនប្រចាំនៅឯសមុទ្របាល់ទិក បាននិងកំពុងតែតាមឃ្លាំមើលនាវាពិឃាតអាមេរិកចំនួនពីរគ្រឿងនៅក្នុងតំបន់នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី នាវាចម្បាំងរុស្ស៊ី Boykiy និង Soobrazitelny បាននិងកំពុងតាមដានក៏ដូចជាអមដំណើរនាវាពិឃាតពីរគ្រឿងរបស់សហរដ្ឋអាមេរិក រួមមាន USS Porter និង USS Gravely នៅសមុទ្របាល់ទិក។ កាលពីថ្ងៃសៅរ៍កន្លងទៅ នាវាពិឃាតមួយគ្រឿងទៀតរបស់អាមេរិក គឺ USS Donald Cook ទើបតែបានចូលមកដល់ដែនសមុទ្រខ្មៅហើយប៉ុណ្ណោះ ដោយពេលនោះកងនាវារុស្ស៊ីប្រចាំតំបន់នេះ បានបញ្ជូននាវាមួយគ្រឿង ឲ្យទៅតាមឃ្លាំងមើលនាវាចម្បាំងអាមេរិកភ្លាមៗតែម្តង។
គួរជម្រាបថា ប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិក បានបង្កើនវត្តមានរបស់ខ្លួនគួរឲ្យកត់សម្គាល់ នៅដែនសមុទ្រជុំវិញប្រទេសរុស្ស៊ី តាមរយៈការធ្វើសមយុទ្ធយោធារបស់អង្គការ NATO និងតាមរយៈការបញ្ជូននាវាចម្បាំងឲ្យចូលមកកាន់តំបន់ផ្លូវទឹកទាំងនេះជាញឹកញាប់។ កាលពីអំឡុងដើមខែមករានេះ អាមេរិកក៏បានបញ្ជូននាវាពិឃាត USS Gravely មកក្បែរដែនទឹកក្បែររុស្ស៊ីផងដែរ៕