​(ម៉ូស្គូ)៖ យោធារុស្ស៊ីបានអះអាងនៅថ្ងៃចន្ទនេះថា ប្រព័ន្ធមីស៊ីលការពារដែនអាកាសស៊ីរីបានស្ទាក់ចាប់ និងបំផ្លាញមីស៊ីល៣០គ្រាប់នៅក្នុងការ​ឆ្លើយតបទៅនឹងការប្រហារតាមផ្លូវអាកាសរបស់យោធាអ៊ីស្រាអែល។ ប៉ុន្តែ​ព្រមពេលជាមួយគ្នា​ទីក្រុងម៉ូស្គូបានទទួលស្គាល់ថា​កងទ័ពស៊ីរី៤​នាក់ បាន​បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២១ ខែមករា​ ឆ្នាំ២០១៩។

យោធារុស្ស៊ីបានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ដូច្នេះថា៖« ចាប់ពីម៉ោង២៖១១នាទី រហូតដល់ម៉ោង២៖៥៩ទៀបភ្លឺ ថ្ងៃចន្ទនេះ យោធា អ៊ីសា្រអែល បានដឹកនំាការវាយប្រហារតាមផ្លូវអាកាសចំនួន៣លើក នៅលើទឹកដីស៊ីរី...ហើយជាការឆ្លើយតប ប្រព័ន្ធមីស៊ីលការពារដែនអាកាស ស៊ីរីបានស្ទាក់ចាប់ និងបំផ្លាញមីស៊ីលទាំងនេះ៣០គ្រាប់»។ បន្ថែមពីលើនេះ ក្រសួងការពារជាតិរុស្ស៊ីក៏បានបញ្ជាក់ដែរថាកងទ័ពស៊ីរី៤នាក់​បានស្លាប់ និង៦នាក់ទៀតរងរបួសនៅក្នុងវាយប្រហារតាមផ្លូវអាកាសនេះ រីឯហេរដ្ឋារចនាសម្ព័ន្ធមួយផ្នែករបស់អាកាសយានដ្ឋានអន្តរជាតិ ទីក្រុងដាម៉ាស់ត្រូវបានបំផ្លាញ។

គួរបញ្ជាក់ថា សេចក្ដីថ្លែងការណ៍របស់យោធារុស្ស៊ីចេញផ្សាយតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយយោធាអ៊ីស្រាអែលប្រកាសថាខ្លួនបានដឹកនាំ ការវាយប្រហារតាមផ្លូវអាកាសប្រឆាំងមូលដ្ឋានយោធាអ៊ីរ៉ង់នៅលើទឹកដីស៊ីរី និងជាការសងសឹកទៅនឹងការបាញ់មីស៊ីលចេញពីទឹកដីស៊ីរីឆ្ពោះ មកកាន់ទឹកដីអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ៕