(វ៉ាស៊ីនតោន)៖ ការបិទទ្វាររដ្ឋាភិបាលអាមេរិក ដែលបានអូសបន្លាយចូលដល់ ៣០ថ្ងៃហើយនោះ កំពុងតែបង្កបញ្ហាដល់ហេដ្ឋារចនាសម្ព័ន្ធ នៃប្រព័ន្ធបច្ចេកវិទ្យានៅសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩។
ការបិទទ្វាររដ្ឋាភិបាលអាមេរិកបានបង្កឲ្យមានការពន្យារពេល Update ទៅលើគំរូផែនទីគេហៅថា World Magnetic Model (WMM) ដែលបង្កើតឡើងដើម្បីធ្វើការតាមដានភាពប្រែប្រួល ខុសពីប្រក្រតីនៅតំបន់ប៉ូលខាងជើង។ គំរូ WMM ដែលមានតួនាទីផ្តល់លទ្ធផលព្យាករណ៍ការប្រែប្រួលរយៈពេល ០៥ឆ្នាំនៃដែនម៉ាញេទិចផែនដីនោះ ត្រូវបានប្រើប្រាស់ដោយប្រព័ន្ធនាំផ្លូវ និងប្រាប់ទីតាំង GPS។
គួរជម្រាបថា គំរូផែនទីខាងលើដែលមានសារសំខាន់ជាខ្លាំង ក្នុងការផ្តល់ភាពត្រឹមត្រូវនៃប្រព័ន្ធដែលនាំផ្លូវកប៉ាល់នៅលើផ្ទៃសមុទ្រ និងប្រព័ន្ធ Google Maps នៅលើទូរស័ព្ទដៃជាដើម តាមពិតត្រូវទទួលបានការអាប់ដេតកាលពីថ្ងៃអង្គារសប្តាហ៍មុន ប៉ុន្តែវាត្រូវបានពន្យារពេលរហូតដល់ចុងខែនេះ ដោយសារបញ្ហាបិទទ្វាររដ្ឋាភិបាល។ មិនត្រឹមតែប្រព័ន្ធខាងលើនេះទេវិស័យមួយចំនួនទៀត ក៏កំពុងរងផលប៉ះពាល់ផងដែរ ខណៈការបិទរដ្ឋាភិបាលបានបំណែកកំណត់ត្រាយូរបំផុត តាំងតែពីសប្តាហ៍មុនម្ល៉េះ៕