(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ បាននិងកំពុងពិចារណាចុះសន្ធិសញ្ញាសន្តិភាពជាមួយប្រទេសរុស្ស៊ី ប្រសិនបើទីក្រុងម៉ូស្គូយល់ព្រមប្រគល់កោះចំនួន ០២ នៃទីប្រជុំកោះឃើរៀល (Kuril Islands) ឲ្យមកខ្លួនវិញ ខណៈប៉ុន្មានថ្ងៃមុននេះ រុស្ស៊ីធ្លាប់បង្ហើបប្រាប់ទីក្រុងតូក្យូថា ទីក្រុងម៉ូស្គូចង់បានប្រជុំកោះ Kuril ទាំងអស់។ នេះបើតាមសេចក្តីរាយការណ៍នៃសារព័ត៌មានជប៉ុនក្យូដូ (Kyodo) ដកស្រង់ការផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩។
បើតាម Kyodo ដែលទទួលបានប្រភពព័ត៌មាន ពីក្រុមមន្រ្តីក្នុងជួររដ្ឋាភិបាលជប៉ុន លោក អាបេ កំពុងសម្លឹងមើលជម្រើសនៃការផ្ទេរកោះចំនួនពីរ យកមកឲ្យជប៉ុនវិញគឺកោះដែលជប៉ុនឲ្យឈ្មោះថា ហាបូម៉ាអ៊ី (Habomai) និង ស៊ីកុតាន (Shikotan) ដើម្បីបញ្ចប់បញ្ហាវិវាទរាប់ទសវត្សរ៍រវាងប្រទេសទាំងពីរ ខណៈការប្រគល់កោះពីរផ្សេងទៀតវិញ គឺកោះ អ៊ីតួរុប (Iturup) និងគូណាស៊ឺ (Kunashir) ហាក់ដូចជាមិនអាចទៅរួចនោះឡើយ។
គួរជម្រាបថា លោក ស៊ីនហ្សូ អាបេ នឹងត្រូវជួបពិភាក្សាគ្នាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃអង្គារសប្តាហ៍នេះនៅក្នុងទីក្រុងម៉ូស្គូ ដើម្បីពិភាក្សាបញ្ហាទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសគឺជម្លោះប្រជុំកោះឃើរៀល ដែលជារឿងរសើបបំផុត បានធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរ ពិបាករកឃើញសញ្ញាវិជ្ជមាន។
បញ្ហាជម្លោះជុំវិញកោះចំនួន ០៤ នៅភាគខាងត្បូងទីប្រជុំកោះ Kuril គឺជាឧបសគ្គនៃការចុះសន្ធិសញ្ញាដើម្បីបញ្ចប់សង្រ្គាមលោកលើកទីពីរ ជាផ្លូវការរវាងប្រទេសរុស្ស៊ី និងជប៉ុន។ បើនិយាយពីខ្សែក្រវ៉ាត់កោះ Kuril ទាំងមូលវិញនោះ គឺមានកោះទាំងតូចទាំងធំសរុបរហូតដល់ទៅ ៥៦ ឯណោះ ដោយក្នុងនោះកោះដែលប្រទេសទាំងពីរកំពុងមានជម្លោះរវាងគ្នា គឺមានចំនួន ០៤ ប៉ុន្តែវាកំពុងស្ថិតក្រោមការគ្រប់គ្រងមិនផ្លូវការរបស់រុស្ស៊ី៕