(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមរិក លោក ដូណាល់ ត្រាំ បានលើកឡើងនាថ្ងៃសៅរ៍សប្តាហ៍នេះថា (ពេលវេលានៅអាមេរិក) ទីតាំងសម្រាប់ការរៀបចំកិច្ចប្រជុំកំពូលជាលើកទី២ ជាមួយប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានជ្រើសរើសរួចរាល់ ហើយនឹងត្រូវប្រកាសឲ្យដឹងនាពេលឆាប់ៗខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៩។
យ៉ាងណាមិញ លោក ត្រាំ បានត្រឹមបង្ហើបប្រាប់យ៉ាងខ្លីថា «ពួកយើងបានរើសយកប្រទេសមួយ» ដោយរូបលោកពុំបានបញ្ជាក់អ្វីលម្អិតបន្ថែមទៀតនោះទេថា តើជាប្រទេសមួយណាឲ្យប្រាកដ។ កាលពីថ្ងៃសុក្រកន្លងទៅ សេតវិមានអាមេរិកបានបញ្ជាក់ថា ជំនួបកំពូលលើកទីពីររវាងលោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន នឹងប្រព្រឹត្តទៅនៅ អំឡុងចុងខែកុម្ភៈខាងមុខ បន្ទាប់ពីមេដឹកនាំទាំងពីរបានបើកកិច្ចប្រជុំជាលើកដំបូង កាលពីខែមិថុនា នៅប្រទេសសិង្ហបុរី។
បើតាមសារព័ត៌មានអាមេរិកជាច្រើន កិច្ចប្រជុំកំពូលជាលើកទី២រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ទំនងជានឹងអាច ធ្វើឡើងនៅក្នុងរដ្ឋធានីហាណូយ ឬក៏ទីក្រុងក្រុងដាណាង ប្រទេសវៀតណាម ស្របពេលលេចលឺព័ត៌មានមួយចំនួនដែរថា លោក គីម នឹងបំពេញដំណើរទស្សនកិច្ចទៅវៀតណាម នៅក្រោយបុណ្យចូលឆ្នាំចិន៕