(ម៉ូស្គូ)៖ កងនាវាប្រចាំសមុទ្រខ្មៅនៃប្រទេសរុស្ស៊ី កំពុងតែតាមដានសកម្មភាពនៃនាវាពិឃាតអាមេរិកមួយគ្រឿងឈ្មោះ USS Donald Cook ដែលបានចូលមកដល់ដែនសមុទ្រខ្មៅកាលពីថ្ងៃសៅរ៍។ នេះបើតាមការសេចក្តីថ្លែងការណ៍ក្រសួងការពារជាតិរុស្ស៊ី ដកស្រង់ខ្លឹមសារដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៩។
សេចក្តីថ្លែងការណ៍ខាងលើបានឲ្យដឹងយ៉ាងដូច្នេះថា កងនាវារុស្ស៊ីប្រចាំសមុទ្រខ្មៅបានចាប់ផ្តើមតាមដាននាវាពិឃាតអាមេរិកភ្លាមៗ នៅពេលនាវានេះបានឆ្លងចូលមកដល់តំបន់នេះ តាមរយៈការបញ្ជូននាវាល្បាត Pytlivy ក៏ដូចជាតាមប្រព័ន្ធបច្ចេកវិទ្យានិងអេឡិចត្រូនិកដទៃទៀត។
គួរជម្រាបថា ប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិក បានបង្កើនវត្តមានរបស់ខ្លួនគួរឲ្យកត់សម្គាល់ នៅដែនសមុទ្រខ្មៅ តាមរយៈការធ្វើសមយុទ្ធយោធារបស់អង្គការ NATO និងតាមរយៈការបញ្ជូននាវាចម្បាំងឲ្យចូលមកកាន់តំបន់នេះជាញឹកញាប់៕