(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្នើឡើងនូវកិច្ចព្រមព្រៀងមួយពាក់ព័ន្ធនឹងបញ្ហាអន្តោប្រវេសន៍ ក្នុងគោលបំណងព្យាយាមបញ្ចប់ការបិទទ្វាររដ្ឋាភិបាល ដែលបានអូសបន្លាយអស់រយៈពេល២៩ថ្ងៃមកហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៩។
ថ្លែងក្នុងសេតវិមាន លោក ត្រាំ បានលើកឡើងថា លោកសុខចិត្តផ្តល់ការការពាររយៈពេល៣ឆ្នាំ ដល់ក្រុមជនអន្តោប្រវេសន៍ខុសច្បាប់នៅក្រោមកម្មវិធី DACA និងកម្មវិធី TPS ប៉ុន្តែត្រូវមានការទម្លាក់ថវិកា៥.៧ពាន់លានដុល្លារ សម្រាប់ការសាងសង់ជញ្ជាំងព្រំដែននៅព្រំប្រទល់អាមេរិក-ម៉ិចស៊ីកូ។
យ៉ាងណាមិញ ថ្នាក់ដឹកនាំមន្រ្តីបក្សប្រជាធិបតេយ្យបានទាត់ចោលនូវសំណើខាងលើ ពីព្រោះ លោក ត្រាំ ផ្ទាល់ គឺជាអ្នកលុបចោលនូវកម្មវិធី DACA និង TPS ហើយការផ្តល់ការការពារខ្លះៗមកវិញ ជាថ្នូរនឹងការទទួលបានជញ្ជាំងព្រំដែននោះ គឺមិនអាចទទួលយកបានទាល់តែសោះ។
គួរជម្រាបថា រដ្ឋាភិបាលអាមេរិកបានបិទទ្វារមួយចំណែក ចាប់តាំងពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨មក ដោយសារតែបញ្ហាចង់បានជញ្ជាំងព្រំដែនអាមេរិក-ម៉ិចស៊ីកូរបស់លោក ត្រាំ ខណៈបុគ្គលិករដ្ឋប្រមាណ៨០០,០០០ បាននិងកំពុងផ្អាកការងារ ឬក៏បំពេញការងារដោយពុំទទួលបានប្រាក់ឈ្នួល៕