(សូម៉ាលី)៖ យោធាអាមេរិកបានឲ្យដឹងថាថ្ងៃសៅរ៍សប្តាហ៍នេះ ខ្លួនបានបើកប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស នៅក្នុង ប្រទេសសូម៉ាលី ដោយបានផ្តាច់ជីវិតក្រុមជនសកម្មប្រយុទ្ធសរុបចំនួន៥២នាក់ ដែលបានធ្វើការវាយលុកទៅលើមូលដ្ឋានយោធាមួយកន្លែងរបស់កងទ័ពសូម៉ាលី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reutersនៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៩។
បើតាមយោធាអាមេរិក ប្រតិបត្តិការនេះមានគោលដៅលើក្រុមសកម្មប្រយុទ្ធ al Shabaab ដែលបានធ្វើសកម្មភាពវាយប្រហារទៅលើមូលដ្ឋានយោធា Bar-Sanguni ដែលស្ថិតនៅជាយក្រុង Jilib ចម្ងាយ៣៧០គីឡូម៉ែត្រពីរដ្ឋធានី Mogadishu តាមរយៈការប្រើប្រាស់រថយន្តមួយគ្រឿងមានផ្ទុកនូវគ្រាប់បែក ដែលបង្កឲ្យទាហានសូម៉ាលីស្លាប់ជាច្រើននាក់។
គួរជម្រាបថា ក្រុម Al Shabaab បានបាត់បង់ការគ្រប់គ្រងលើទីក្រុងមួយចំនួនធំនៅក្នុងប្រទេសសូម៉ាលី បន្ទាប់ពីត្រូវបានកងទ័ពសហភាពអាហ្រិ្វកនិងសូម៉ាលីវាយបណ្តេញចេញពីរដ្ឋធានី Mogadishu កាលពីឆ្នាំ២០១១ ប៉ុន្តែក្រុមសកម្មប្រយុទ្ធជ្រុលនិយមនេះ នៅតែបន្តធ្វើសកម្មភាពវាយប្រហារជារឿយៗដដែល៕