(ម៉ិចស៊ីកូស៊ីធី)៖ តួលេខនៃអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទុះឆេះបំពង់ប្រេងដ៏សម្បើមមួយ នៅឯភាគកណ្ដាលនៃប្រទេសម៉ិចស៊ីកូបានកើនដល់៧៣នាក់ហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន ABC News នៅថ្ងៃព្រឹកថ្ងៃអាទិត្យ ទី២០ ខែមករា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អភិបាលរដ្ឋហ៊ីដាលហ្គោ (Hidalgo) លោក អូម៉ារ ហ្វាយ៉ាដ (Omar Fayad) ក៏បានឲ្យដឹងដែរថាមនុស្ស៧៤នាក់បានរបួសក្នុងហេតុការណ៍ខាងលើ ដែលបានកើតឡើងកាលពីល្ងាចថ្ងៃសុក្រសប្តាហ៍នេះ នៅឯទីក្រុងថ្លាហឺលីលផេន (Tlahuelilpan) ប៉ុន្តែលោកមិនបានបញ្ជាក់ពីមូលហេតុផ្ទុះនៅឡើយទេ។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ហេតុការណ៍ផ្ទុះខាងលើកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុមឧក្រិដ្ឋជនលួចទម្លុះបំពង់ប្រេងដើម្បីលួចបូមយកប្រេង ខណៈរដ្ឋាភិបាលម៉ិចស៊ីកូកំពុងប្តេជ្ញាបង្ក្រាបក្រុមលួចប្រេងរដ្ឋដែលបាននាំឲ្យប្រទេសអាមេរិកខាងជើងមួយនេះខាតបង់ថវិការាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗនោះ៕