(ម៉ិចស៊ីកូ)៖ អាជ្ញាធរម៉ិចស៊ីកូ នៅថ្ងៃសៅរ៍នេះបានឱ្យដឹងថាចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍ផ្ទុះឆេះបំពង់ប្រេងដ៏សម្បើមមួយ នៅឯភាគកណ្ដាលនៃប្រទេសបានកើនដល់៦៦នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អភិបាលរដ្ឋហ៊ីដាលហ្គោ (Hidalgo) លោក អូម៉ារ ហ្វាយ៉ាដ (Omar Fayad) បានឱ្យដឹងទៀតថាមនុស្ស ៧៦នាក់ក៏បានរងរបួសផងដែរ នៅក្នុងហេតុការណ៍ផ្ទុះបំពង់ប្រេងកាលពីល្ងាចថ្ងៃសុក្រ នៅឯទីក្រុងថ្លាហឺលីលផេន (Tlahuelilpan)។ ប៉ុន្តែ លោកមិនបានបញ្ជាក់ពីមូលហេតុផ្ទុះនៅឡើយទេ។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ហេតុការណ៍ផ្ទុះខាងលើកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុមឧក្រិដ្ឋជនលួចទម្លុះបំពង់ប្រេងដើម្បីលួចបូមយកប្រេង ខណៈរដ្ឋាភិបាលម៉ិចស៊ីកូកំពុងប្តេជ្ញាបង្ក្រាបក្រុមលួចប្រេងរដ្ឋ ដែលបាននាំឲ្យប្រទេសអាមេរិកខាងជើងមួយនេះខាតបង់ថវិការាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗនោះ៕