(បាងកក)៖ ក្រុមបាតុករថៃរាប់រយនាក់បានប្រមូលផ្ដុំធ្វើបាតុកម្មនៅថ្ងៃសៅរ៍នេះ ទាមទារឱ្យការបោះឆ្នោតសកលត្រូវធ្វើឡើងក្នុងពេលឆាប់ៗ នេះដើម្បីបញ្ចប់ការដឹកនាំប្រទេសដោយរបបយោធា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩។
នៅក្នុងបាតុកម្មតវ៉ាធ្វើឡើងនៅទីក្រុងបាងកក ក្រុមបាតុករទាំងអស់បាននាំគ្នាស្រែកទាមទារឱ្យរដ្ឋាភិបាលយោធាថៃបច្ចុប្បន្ន រៀបចំការបោះ ឆ្នោតសកលនៅថ្ងៃទី១០ ខែមីនាខាងមុខនេះ ហើយការទាមទារនេះទៀតសោត កើតមានឡើងក្រោយកាលបរិច្ឆេទបោះឆ្នោតត្រូវបានពន្យារពេលជាបន្តបន្ទាប់។ ជាក់ស្ដែង ការបោះឆ្នោតដែលដំបូងឡើយ ត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែកុម្ភៈត្រូវបានលុបចោលដោយគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោតថៃប្រកាសយកថ្ងៃទី១០ ឬថ្ងៃទី២៤ ខែមីនា ជាថ្ងៃបោះឆ្នោតជំនួសវិញ។ ប៉ុន្តែមកទល់នឹងពេលនេះ មិនទាន់មាន ការកំណត់បរិច្ឆេទជាក់លាក់ណាមួយនៅឡើយទេ។
គួរជម្រាបថា របបយោធាថៃ ធ្លាប់បញ្ជាក់ថាការពន្យារពេលការបោះឆ្នោត គឺដោយសារតែការពិបាកក្នុងការរៀបចំកាលវិភាគកុំឱ្យប៉ះពាល់ដល់ ថ្ងៃឡើងសោយរាជ្យជាផ្លូវការរបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn ដែលគ្រោងនឹងធ្វើឡើងនៅដើមខែឧសភា ឆ្នាំ២០១៩នេះ៕