(ប៉ារីស)៖ ក្រុមបាតុករអាវកាក់ពណ៌លឿងបានប្រមូលផ្ដុំជាថ្មីនៅថ្ងៃសៅរ៍នេះក្នុងទីក្រុងប៉ារីស ដើម្បីធ្វើបាតុកកម្មតវ៉ាចុងសប្ដាហ៍ទី១០ជាប់ៗគ្នា ប្រឆាំងនឹងរដ្ឋាភិបាលប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩។
ក្រុមបាតុករបាននាំគ្នាតវ៉ានៅឯតំបន់ Champs Elysees និង Invalides esplanade ស្ថិតនៅក្បែរសភាជាតិបារាំង ព្រមទាំងនៅឯតំបន់ Eiffel Tower ផងដែរ។ ចំនួនក្រុមបាតុករត្រូវបានគេរំពឹងថានឹងកើនឡើងបើធៀបទៅនឹងសប្ដាហ៍មុន ខណៈប៉ូលិស៥,០០០នាក់ត្រូវបានដាក់ ពង្រាយក្នុងទីក្រុងប៉ារីស និង៨០,០០០នាក់នៅទូទាំងប្រទេស ហើយមិនតែប៉ុណ្ណោះគេក៏ឃើញមានការដាក់ពង្រាយរថពាសដែកនៅតាមតំបន់ មួយចំនួនទៀតផង។
គួរជម្រាបថា បាតុកម្មតវ៉ារបស់បាតុករអាវកាក់ពណ៌លឿង នៅក្នុងប្រទេសបារាំងបានផ្ទុះឡើងកាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៨មកម្លេះ សំដៅទាមទារឱ្យរដ្ឋាភិបាលលោក ម៉ាក្រុង ធ្វើកំណែទម្រង់ជាច្រើនក្នុងនោះរួមមានការលុបចោលគម្រោងដំឡើងពន្ធលើឥន្ធនៈជាដើម៕