(ម៉ូស្គូ)៖ របាយការណ៍ចុងក្រោយបំផុតរបស់វិទ្យាស្ថានអន្តរជាតិស្រាវជ្រាវសន្តិភាព Stockholm (SIPRI) បានឱ្យដឹងថាការលក់អាវុធ និងសេវាកម្មយោធាពីសំណាក់បណ្ដាក្រុមហ៊ុនផលិតអាវុធធំៗនៅលើពិភពលោកមានទំហំជាង៣៩៨.២ពាន់លានដុល្លារ កាលពីឆ្នាំ២០១៧ ឬកើនឡើង៤៤ភាគរយក្នុងរយៈពេលជាង១៥ឆ្នាំមកនេះ។​ ប៉ុន្តែក្នុងចំណោមក្រុមហ៊ុនទាំងនេះ គេសង្កេតឃើញថាក្រុមហ៊ុនផលិតអាវុធ អាមេរិកនៅតែបន្តគ្រប់គ្រងទីផ្សារលក់អាវុធនៅលើពិភពលោក។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះក្រុមហ៊ុនលក់អាវុធធំៗទាំង១០ នៅលើពិភពលោក៖

១. ក្រុមហ៊ុន Lockheed Martin

ក្រុមហ៊ុនផលិតអាវុធអាមេរិកមួយនេះរកបានប្រាក់ចំណូល ៤៤.៩ពាន់លានដុល្លារកាលពីឆ្នាំ២០១៧ ពីការលក់អាវុធ ឬកើនឡើង៨.៣ភាគរយ បើធៀបទៅនឹងឆ្នាំមុនៗ។ អាវុធដែលលក់ដាច់ជាងគេគឺយន្ដហោះចម្បាំងបំបាំងកាយ F-35 ​ដែលមួយគ្រឿងមានតម្លៃថ្លៃជាង ១០០លានដុល្លារ។

២. Boeing

ក្រុមហ៊ុនផលិតយន្ដហោះអាមេរិកមួយនេះ រកចំណូលបាន ២៦.៩ពាន់លានដុល្លារ រីឯគម្លាតនៃការលក់រវាង Lockheed Martin និង Boeing មាន១៨ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៧។​ ក្រុមហ៊ុន Boeing បានចុះហត្ថលេខាជាង២០ មានតម្លៃសរុប១៣.៧ពាន់លានដុល្លារ កាលពីខែកញ្ញា ឆ្នាំ២០១៨។

៣. Raytheon

Raytheon គឺជាក្រុមហ៊ុនផលិតអាវុធអាមេរិកជំនាញខាងប្រព័ន្ធមីស៊ីលការពារដែនអាកាស ហើយកាលពីឆ្នាំ២០១៧ ការលក់អាវុធរបស់ ក្រុមហ៊ុនមួយនេះបានកើនឡើង២ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៦ ជាមួយការរកប្រាក់ចំណូលបាន២៣.៩ពាន់លានដុល្លារ។ ប្រព័ន្ធមីស៊ីល
Patriot missile system គឺជាអាវុធមានការចាប់អារម្មណ៍ច្រើន ដោយកំពុងត្រូវបានប្រើប្រាស់ដោយប្រទេសចំនួន៩ នៅក្រៅទ្វីបអឺរ៉ុប។

៤. BAE Systems

ក្រុមហ៊ុនផលិតអាវុធអង់គ្លេសមួយនេះ បានលក់អាវុធរបស់ខ្លួនសរុបជាង ២២.៩ពាន់លានដុល្លារ ឬកើនឡើង៣.៣ភាគរយ បើធៀបទៅនឹង ឆ្នាំមុនៗ។ ចក្រភពអង់គ្លេស នៅតែបន្តជាប្រទេសលក់អាវុធធំជាងគេនៅក្នុងតំបន់ កាលពីឆ្នាំ២០១៧ ដោយលក់អាវុធបាន ៣៥.៧ពាន់លានដុល្លារ។

៥. Northrop Grumman

Northrop Grumman ជាក្រុមហ៊ុនអាមេរិកជំនាញខាងផលិតយន្ដហោះគ្មានមនុស្សបើក ឬដ្រូន និងគ្រាប់រ៉ុក្កែត Orbital ATK ដែលត្រូវបាន គេរំពឹងថានឹងបង្កើនការវាយលុកចូលទីផ្សារអវកាស។ ក្រុមហ៊ុនមួយនេះ រកបានប្រាក់ចំណូលពីការលក់អាវុធ ២២.៤ពាន់លានដុល្លារ កាលពីឆ្នាំ២០១៧។

៦. General Dynamics

គឺជាក្រុមហ៊ុនផលិតអាវុធអាមេរិក មានមូលដ្ឋាននៅរដ្ឋ Virginia។ General Dynamics លក់អាវុធសរុបជាង១៩.៥ពាន់លានដុល្លារ ហើយ រថក្រោះម៉ាក M1 Abrams ត្រូវបានប្រើប្រាស់ស្ទើតែរាល់ប្រតិបត្តិការទាំងអស់របស់យោធាអាមេរិកអស់រយៈពេលជាង ៤០ឆ្នាំមកហើយ។

៧. Airbus Group

Airbus គឺជាក្រុមហ៊ុនផលិតយន្ដហោះ និងអាវុធរបស់អឺរ៉ុប ដែលរកបានប្រាក់ចំណូល១១.៣ពាន់លានដុល្លារពីការលក់អាវុធ កាលពីឆ្នាំ ២០១៧។ មុខជំនួញរបស់ក្រុមហ៊ុនអឺរ៉ុបមួយនេះ គឺផ្ដោតសំខាន់លើយន្ដហោះពាណិជ្ជកម្ម និងវស័យអវកាស។ ដោយឡែក យន្ដហោះចម្បាំង Typhoon គឺត្រូវប៉ាន់ជាងគេនៅលើទីផ្សារ និងត្រូវបានផលិតឡើងក្រោមកិច្ចសហការរវាងអង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញ៕

៨.Thales

កាលពីឆ្នាំ២០១៧ ក្រុមហ៊ុនផលិតអាវុធបារាំង រកប្រាក់ចំណូលពីការលក់អាវុបាន៩ពាន់លានដុល្លារ និងជាក្រុមហ៊ុនជំនាញខាងផលិត រថពាសដែក និងមីស៊ីលជាដើម។

៩. Leonardo
Leonardo គឺជាក្រុមហ៊ុនផលិតអាវុធរបស់ប្រទេសអ៊ីតាលី ដែលរកប្រាក់ពីការលក់អាវុធបាន៨.៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៧។ ក្រុមហ៊ុន នេះជំនាញខាងផលិតឧទ្ធម្ភាគចក្រ មីស៊ីល និងយន្ដហោះដ្រូន។

១០. Almaz-Antey

ក្រុមហ៊ុនផលិតរុស្ស៊ីមួយនេះ កាលពីឆ្នាំ២០១៧ លក់អាវុធសរុបជាង ៨.៦ពាន់លានដុល្លារ ឬកើនឡើង១៧ភាគរយ ហើយប្រព័ន្ធមីស៊ីលការ ពារដែនអាកាស S-400គឺជាអាវុធលក់ដាច់ជាងគេ៕

ប្រភព៖ Russian Today (ថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩)