(បាងកក)៖ ជនជាតិប៊ែលហ្សិកម្នាក់ត្រូវបានប៉ូលិសថៃចាប់ក្របួច ក្រោយពីបានធ្វើសកម្មភាពលួចយកកាបូបដាក់ឥវ៉ាន់របស់ភ្ញៀវទេសចរចិន នៅក្នុងព្រលានយន្តហោះអន្តរជាតិសុវណ្ណភូមិ ស្ថិតនៅជាយរាជធានីបាងកក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩។
សមត្ថកិច្ចប្រចាំព្រលានយន្តហោះធំបំផុតក្នុងប្រទេសថៃមួយនេះ បានបញ្ជាក់ឲ្យដឹងទៀតថា ជនជាតិប៊ែលហ្សិកខាងលើនេះមានឈ្មោះ ផាទ្រីកា ហ្វែនែន ខូរៀ (Patrica Fernand M Courier) អាយុ ៥៨ឆ្នាំ ត្រូវបានចាប់ខ្លួនតាំងតែពីថ្ងៃពុធមកម្ល៉េះ នៅក្នុងអាកាសយានដ្ឋានអំឡុងពេលដែលលោកកំពុងតែ check in ដើម្បីត្រៀមបន្តដំណើរទៅកាន់ទីក្រុងដាណាង (Da Nang) នៃប្រទេសវៀតណាម។
ដោយឡែកព័ត៌មានលម្អិតអំពីរឿងនេះ គឺត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃសុក្រ ដោយស្នងការរងគ្រប់គ្រងសន្តិសុខ នៃព្រលានយន្តហោះសុវណ្ណភូមិលោក គិតិផុង គិតិកាឆន (Kittipong Kittikachorn) ខណៈដែលភ្ញៀវទេសចរចិនមួយរូបមកពីទីក្រុង ហាងចូវ (Hang Zhou) ប្រទេសចិន បានរាយការណ៍ពីករណីបាត់កាបូបរបស់ខ្លួន ដែលមានតម្លៃជាទឹកប្រាក់ជាង ៣,០០០ដុល្លារអាមេរិក ទៅកាន់សមត្ថកិច្ចថៃ។
គួរបញ្ជាក់ថា នៅប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីការប្តឹងខាងលើនេះ សមត្ថកិច្ចថៃបានធ្វើការត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពក្នុងព្រលានយន្តហោះ រហូតឈានដល់ការចាប់ខ្លួនជនជាតិប៊ែលហ្សិកខាងលើនេះតែម្តង។ បន្ថែមពីនេះតាមរយៈវីដេអូកាមេរ៉ា សមត្ថកិច្ចបានឃើញបុរសប៊ែលហ្សិកខាងលើនេះ ដើរក្រឡឹងចុះឡើងៗនៅក្បែរកាបូបអ្នកទេសចរចិន រួចក្រោយមកមានឱកាសល្អ ទើបរូបគេលួចយកទៅតែម្តង។ ជនជាតិប៊ែលហ្សិករូបនេះក៏បានសារភាពប្រាប់ប៉ូលិសថៃដែរថា ខ្លួនពិតជាអ្នកលួចកាបូបនោះប្រាកដមែន៕