កំពូលមហាសេដ្ឋីលេខ១នៅហ្វីលីពីនលោក Henry Sy ទទួលមរណភាពនៅអាយុ៩៤ឆ្នាំ!
19-01-2019 11:50
(ម៉ានីល)៖ កំពូលមហាសេដ្ឋីនៅក្នុងប្រទេសហ្វីលីពីន លោក តៃផេន ហិនរី ស៊ីស៊ឺ (Taipan Henry Sy Sr.) បានទទួលមរណភាពហើយក្នុងវ័យ ៩៤ឆ្នាំ នៅព្រឹកថ្ងៃសៅរ៍នេះតែម្តង។ នេះបើគ្រួសាររបស់លោក ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍គ្រួសាររបស់លោក Sy បានឱ្យដឹងដូច្នេះថា «យើងពិតជាមានការសោកស្ដាយជាទីបំផុត ដែលត្រូវប្រកាសប្រាប់ថា លោកប្រធាន Henry Sy Sr ជាទីស្រឡាញ់បានទទួលមរណភាពដោយសន្តិវិធី នៅក្នុងដំណេករបស់លោកនៅព្រឹកថ្ងៃសៅរ៍នេះ... ហើយសូមអ្នកទាំងអស់ ជួយបន់ស្រន់ឱ្យវិញ្ញាណក្ខន្ធលោកទៅកាន់សុគតិភព»។
គួរបញ្ជាក់ថា លោក Taipan Henry Sy Sr. គឺជាស្ថាបនិកក្រុមហ៊ុន SM Group និងជាប្រធានក្រុមហ៊ុន SM Prime Holdings Inc., SM Development Corporation ព្រមទាំង Highlands Prime INc., BDO Unibank Inc និងជាប្រធានកិត្តិយសនៃក្រុមហ៊ុន China Banking Corporation ផងដែរ។
លោក Sy ត្រូវបានទស្សនាវដ្ដីអាមេរិក Forbes ថា ជាអ្នកមានជាងគេនៅក្នុងប្រទេសហ្វីលីពីន ១១ឆ្នាំជាប់ៗគ្នា ជាមួយទ្រព្យសម្បត្តិ ១៩ពាន់លានដុល្លារអាមេរិក។ លោកបានចាប់កំណើតនៅខេត្ត Fujian ភាគអាគ្នេយ៍ប្រទេសចិននៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩២៤ ហើយលោកបានបើកក្រុមហ៊ុនដំបូងឈ្មោះ ShoeMart ក្នុងឆ្នាំ១៩៥៨ រហូតវិវត្តន៍ខ្លួនក្លាយជាជំនួញដ៏ល្បីខាងលក់រាយ ធនាគារ និងអចលទ្រព្យ៕