(ម៉ូស្គូ)៖ តារាម៉ូដែលជនជាតិបេឡារុសម្នាក់ នាងណាស្ទីយ៉ា រីប៊ីកា (Nastya Rybka) (ឈ្មោះពិតនាង អាណាតាស្យ៉ា វ៉ាស៊ូខេវិច ឬ Anastasia Vashukevich) ដែលអះអាងថា មានភស្ដុតាងបញ្ជាក់ពីទំនាក់ទំនងរវាងក្រុមយុទ្ធនាការឃោសនាបោះឆ្នោត របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាមួយទីក្រុងម៉ូស្គូ ត្រូវបានបញ្ជូនទៅដល់ដៃប៉ូលិសរុស្ស៊ីហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩។
ការចាប់ខ្លួននាង Rybka ធ្វើឡើងបន្ទាប់ពីរូបនាងផ្ទាល់ធ្លាប់បាននិយាយថា ខ្លួនមានភស្ដុតាងបញ្ជាក់បានរុស្ស៊ីបានលូកដៃជួយលោក ដូណាល់ ត្រាំ ឱ្យឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦ ហើយភស្តុតាងនេះទៀតសោត គឺទទួលបានពីមហាសេដ្ឋីរុស្ស៊ីម្នាក់ឈ្មោះ អូឡេក ឌែរីផាស្កា (Oleg Deripaska)។ ប៉ុន្តែការចោទប្រកាន់នេះត្រូវបានលោក Oleg បដិសេធ ខណៈប៉ូលិសរុស្ស៊ីឱ្យដឹងថា ការចាប់ខ្លួនស្ត្រីវ័យ ២៧ឆ្នាំរូបនេះ គឺដោយសារមានជាប់ពាក់ព័ន្ធនឹងការបើកសិក្ខាសាលាបង្ហាត់បង្រៀនរឿងផ្លូវភេទ នៅទីក្រុងទេសចរណ៍ផាត់តាយ៉ា (Pattaya) នៃប្រទេសថៃ។
គួរបញ្ជាក់ថា នាងណាស្ទីយ៉ា រីប៊ីកា បានស្ថិតក្រោមការឃុំឃាំង នៅក្នុងពន្ធនាគារប្រទេសថៃអស់រយៈពេល ០៩ខែ ជាមួយបុគ្គលប៉ុន្មានរូបផ្សេង ទៀត បន្ទាប់ពីប៉ូលិសថៃបានបើកប្រតិបត្តិការបង្រ្កាបមួយនៅទីក្រុង Pattaya កាលពីខែកុម្ភៈ ឆ្នាំ២០១៨។ ដោយឡែក យោងតាមការសម្រេច របស់តុលាការថៃនាពេលថ្មីៗ តារាម៉ូដែលរូបនេះ ក៏ត្រូវបានបញ្ជូនខ្លួនចេញពីប្រទេសថៃ ដើម្បីត្រឡប់ទៅកាន់ប្រទេសបេឡារុសវិញ តែរូបនាង និងមនុស្ស០៣នាក់ទៀត ត្រូវបានប៉ូលិសរុស្ស៊ីឃាត់ខ្លួននៅព្រលានយន្តហោះ សេរែមែតយ៉េវូ (Sheremetyevo) ក្រោមការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពេស្យាចា៕