(ម៉ិចស៊ីកូ)៖ អភិបាលរដ្ឋហ៊ីដាលហ្គោ (Hidalgo) លោក អូម៉ារ ហ្វាយ៉ាដ (Omar Fayad) បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២០នាក់បានស្លាប់ និង ៥៤នាក់ផ្សេងទៀតបាន រងរបួសនៅក្នុងហេតុការណ៍ផ្ទុះឆេះបំពង់ប្រេងដ៏សម្បើមមួយ នៅភាគកណ្ដាលប្រទេសម៉ិចស៊ីកូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩។
លោក Omar Fayad បានគូសបញ្ជាក់ប្រាប់សារព័ត៌មាននៅក្នុងស្រុកយ៉ាងដូច្នេះថា «យោងតាមព័ត៌មានបឋមដែលខ្ញុំទទួលបាន មនុស្សយ៉ាង ហោចណាស់ ២០នាក់បានស្លាប់ និង៥៤នាក់ទៀតរងរបួសដោយសារភ្លើងឆេះ នៅក្នុងហេតុការណ៍ផ្ទុះបំពង់ប្រេងនៅក្នុងទីក្រុង ថ្លាហឺលីលផេន (Tlahuelilpan) នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅម៉ិចស៊ីកូ)»។
គួរបញ្ជាក់ថា ភ្លាមៗបែបនេះមិនទាន់មានការបញ្ជាក់មូលហេតុផ្ទុះនៅឡើយទេ ខណៈមានសេចក្ដីរាយការណ៍ផ្ទុះនេះកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុម ឧក្រិដ្ឋជនលួចទម្លុះបំពង់ប្រេងដើម្បីលួចបូមយកប្រេង ខណៈរដ្ឋាភិបាលម៉ិចស៊ីកូកំពុងប្តេជ្ញាបង្ក្រាបក្រុមលួចប្រេងរដ្ឋ ដែលបាននាំឲ្យប្រទេសអាមេរិកខាងជើងមួយនេះ ខាតបង់ថវិការាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗនោះ៕