(ប៉េកាំង)៖ យន្ដហោះប្រភេទស្លាបចាក់លើកដំបូងរបស់ចិន សម្រាប់ការហោះហើរល្បាតទៅតំបន់ប៉ូលដែលមានឈ្មោះថា ឥន្ទ្រីព្រិល (Snow Eagle) 601 បានចុះចតនៅឯស្ថានីយ ឃុនលុន (Kunlun) នៅថ្ងៃសុក្រសប្ដាហ៍នេះ ស្ថិតនៅតំបន់ប៉ូលខាងត្បូងនៃភពផែនដី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩។
យោងតាមស៊ីនហួរ យន្ដហោះ Snow Eagle 601 បានចុះចតដោយជោគជ័យនៅឯអាកាសយានដ្ឋាន Kunlun Station ស្ថិតនៅពីលើកម្រិតនីរ៉ូទឹកសមុទ្រ ៤,០០០ម៉ែត្រក្បែរតំបន់ ដូមអេ (Dome A)។ ម្យ៉ាងទៀតនេះគឺជាលើកទី៣ហើយ ដែលយន្ដហោះប្រភេទធ្វើការចុះចតដោយជោគជ័យនៅ តំបន់ប៉ូល គិតចាប់តាំងវាចាប់ផ្ដើមធ្វើប្រតិបត្តិការហោះហើរមក។
គួរជម្រាបថា សម្រាប់តំបន់ប៉ូលខាងត្បូងផែនដី ក្នុងរយៈពេល ៣០ឆ្នាំកន្លងទៅនេះ ចិនបានបង្កើតស្ថានីយស្រាវជ្រាវចំនួន ០៤កន្លែងរួមមានស្ថានីយ មហាកំផែង (Great Wall), ចុងសាន (Zhongshan), ឃុនលុន (Kunlun), និង ថៃសាន (Taishan)។ ស្ថានីយ Taishan មានទីតាំងស្ថិតនៅចន្លោះស្ថានីយ Kunlun និង Zhongshan ហើយវាត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីខែកុម្ភៈ ឆ្នាំ២០១៤ ក្រោយការសាងសង់ដំណាក់កាលទីមួយត្រូវបានបញ្ចប់៕