(ម៉ូស្គូ)៖ រដ្ឋាភិបាលរុស្ស៊ីបានចាត់ទុកថាកម្មវិធីយុទ្ធសាស្ត្រ Missile Defense Review (MDR)​ របស់សហរដ្ឋអាមេរិកគឺជាចេតនាបង្ករឿងដោយ បើកចំហ ហើយថាវាមានតែបង្កឱ្យមានការរត់ប្រណំាងសព្វាវុធនៃសង្រ្គាមត្រជាក់ផ្ទុះឡើងជាថ្មីតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩។

ប្រតិកម្មរបស់ទីក្រុងម៉ូស្គូ កើតមានឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បានចេញផ្សាយនូវយុទ្ធសាស្ត្រ Missile Defense Review (MDR) ដែលមានគោលដៅពង្រឹង និងពង្រីកការដាក់ពង្រាយមីស៊ីលអាមេរិកនៅទូទាំងពិភពលោក។ ជាមួយគ្នានោះដែរ ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះ ក្រសួងការបរទេសរុស្ស៊ី បានគូសបញ្ជាក់ដូច្នេះថា៖ «យុទ្ធសាស្ត្រ MDR នឹងមិនធ្វើឱ្យសន្តិសុខរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត រួមទាំងដៃគូរបស់ខ្លួនល្អប្រសើរឡើងនោះទេ តែផ្ទុយទៅវិញវាមានតែបង្ក​អស្ថេរភាព ការបំផ្លិចបំផ្លាញ ក៏ដូចជាបង្កឱ្យមានការរត់ប្រណំាងសព្វាវុធនៃសង្រ្គាមត្រជាក់ផ្ទុះឡើងជាថ្មីតែប៉ុណ្ណោះ....ដូច្នេះយើងនឹងមិនស្ទាក់ស្ទើឡើយក្នុង ការចាត់វិធានការចំាបាច់នានាដើម្បីទប់ស្កាត់ការគម្រាមកំហែងទាំងឡាយ»។​

គួរជម្រាបថា បើតាមក្រសួងការបរទេសរុស្ស៊ី កម្មវិធីយុទ្ធសាស្ត្រ Missile Defense Review (MDR) របស់សហរដ្ឋអាមេរិកគឺជាចេតនាបង្ក រឿងដោយផ្ទាល់ ដែលមានគោលដៅបង្កើតការក្ដោបក្ដាប់អំណាចយោធានៅលើពិភពលោក ព្រមទាំងដឹកនាំការធ្វើសមយុទ្ធយោធានៅ គ្រប់ទីកន្លែង តាមរយៈការទាត់ចោលការដាក់កំហិតលើការអភិវឌ្ឍមីស៊ីលនុយក្លេអ៊ែរ៕