(ភ្នំពេញ)៖ តុលាការនៃ​សាធាណរដ្ឋប្រជាមានិតចិន បាន​សម្រេច​កាត់​ទោស​ប្រហារជីវិត​ជនជាតិកាណាដា ម្នាក់ពីបទជួញដូរថ្នាំញៀន ស្រប​ពេល​កំពុង​កើត​មាន​​នូវ​ភាពតានតឹងផ្នែកការទូតរវាង​ប្រទេស ចិន និង​កាណាដា។ ដំបូង​ឡើយ តុលាការ​​ចិន បាន​​សម្រេច​​ដាក់​ពន្ធ​ធនាគារ លោក Robert Lloyd Schellenberg រយៈ​ពេល​១៥​ឆ្នាំ តែ​ក្នុង​ពេល​កាត់​ក្តី​ក្រោយ​មក តុលាការ​បាន​បកស្រាយ​ថា ការ​ដាក់​ទោស​បែប​នេះ​ វា​ហាក់​ដូច​ជា​ស្រាល​ពេក ​មិន​សមស្រប​នឹង​បទ​ល្មើស​​ជួញ​ដូរ​ថ្នាំ​ញៀន​អន្តរជាតិ​​នេះ​ឡើយ។

បន្ទាប់​ពីការកាត់​ទោស​ជា​ថ្មី នាយករដ្ឋមន្ត្រី​ប្រទេស​កាណាដា លោក Justin Trudeau បានចោទ​ប្រកាន់​រដ្ឋាភិបាលចិនថា ​ការ​កាត់​ទោស​ប្រហារ​ជីវិត​បែប​នេះ ជា​ការ​ឆ្លៀត​ឱកាស​សង​សឹង​ប្រទេស កាណាដា​ ច្រើន​ជាង​ភាព​​ស្រប​ច្បាប់។ ប៉ុន្តែ​ប្រទេសចិន បាន​និយាយ​ថា រដ្ឋាភិបាលកាណាដា គួរ​តែគោរពអធិបតេយ្យភាព​របស់​ខ្លួន។

* តើលោក Robert Schellenberg ជានរណា?

លោក Robert Schellenberg ត្រូវបានគេជឿថា កំពុង​ស្ថិត​ក្នុង​វ័យ៣៦ឆ្នាំ មាន​ដើម​កំណើត​នៅ​តំបន់ Abbotsford ខេត្ត British Columbia ប្រទេស​កាណាដា។ មិន​មាន​ប្រភព​ព័ត៌មាន​លម្អិត​ពី​ជីវិត​ពី​កុមារភាព​ឡើយ។ យោង​តាម​ទិន្នន័យ​របស់​តុលាការ​តាម​​បណ្តាញ​អ៊ីនធឺណិត​​ក្នុង​ខេត្ត British Columbia ប្រទេស កាណាដា បាន​ឱ្យ​ដឹង​ថា លោក​​ធ្លាប់​ត្រូវ​បាន​ផ្ដន្ទាទោស​ចំនួន​១១​ដង ចំពោះ​បទ​ល្មើស​គ្រឿង​ញៀន និង​បទ​ល្មើស​ក្នុង​ការ​បើកបរ នៅ​ចន្លោះ​រវាងឆ្នាំ ២០០៣ និង​ឆ្នាំ ២០១២ ហើយត្រូវបានកាត់ទោសឱ្យជាប់​ធនាគារ​ចំនួនពីរដង។

ក្នុង​ឆ្នាំ​២០១០ លោក Schellenberg ត្រូវ​បាន​គេ​កាត់ទោសឱ្យជាប់ពន្ធធនាគារមួយឆ្នាំ និងរយៈ​ពេល​២​ឆ្នាំ ក្រោម​ការ​អង្កេត​តាមដានទាក់​ទង​នឹង​បទ​ល្មើស​ស្តីពី ការកាន់​កាប់​គ្រឿងញៀន ក្នុង​ចេតនា​ចង់​ជួញដូរ។ មិនយូរប៉ុន្មាន នៅ​ឆ្នាំ​២០១២ លោក​ត្រូវបានគេកាត់ទោស​ជា​ថ្មី ពីបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន​បួន​ករណី​បន្ថែម​ទៀត និងត្រូវបានគេកាត់ទោសអោយជាប់គុក​ពីរ​ឆ្នាំ យ៉ាង​នេះ​ក្តី លោក​ត្រូវ​​ដាក់​ក្នុង​ពន្ធ​ធនាគារ​ត្រឹមតែ​​១៦​ខែ​ប៉ុណ្ណោះ។ យោងទៅតាម​សារ​ព័ត៌មាន CBC News បាន​ឱ្យ​ដឹង​ដោយ​លើកឡើង​នូវ​សំដី​របស់​មន្ត្រីយុត្តិធម៌​ លោក Neil Brown ថា «លោក Schellenberg ​កំពុង​រស់​នៅ​ប្រទេស​ដែល​ល្អ​បំផុត​នៅ​ពិភពលោក»។

លោក Brown បាន​បន្ថែម​ថា ឪពុក​របស់​លោក Schellenberg បាន​កាត់​កាល​លោក​ចោល​ដោយសារ​លោក​មាន​ប្រវត្តិ​ឧក្រិដ្ឋកម្ម​ច្រើន​ពេក យ៉ាង​នេះ​ក្តី លោក Schellenberg នៅតែ​​បន្ត​ឧបត្ថម្ភ​ដល់​សមាជិក​គ្រួសារ​មួយ​​របស់​ខ្លួន។ មិន​ច្បាស់​ថា តើ​លោក​បាន​ប្រើប្រាស់​ជីវិត​បែប​ណា​ឡើយ បន្ទាប់​ពី​លោក​ត្រូវ​បាន​ដោះលែងពី​ពន្ធធនាគារ ក្នុង​ឆ្នាំ​២០១៣ ត្រឹម​ដឹង​ថា​លោក​មាន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​របស់​ប្រទេសចិន។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត New York Times លោកស្រី Lauri Nelson-Jones ម្តាយ​មីង​របស់​លោក Schellenberg ផ្ទាល់​បាន​ឱ្យ​ដឹង​ថា «មាន​អ្នក​មាន​ម្នាក់​បាន​ចំណាយ​​ប្រាក់​រ៉ាប់រង​លោកក្នុង​​ការ​ធ្វើ​ដំណើរ​នៅ​តំបន់​អាស៊ី»។ លោក​ស្រី​ Nelson-Jones បាននិយាយថា «មុន​ពេល​កើតហេតុ Schellenberg បានទូរស័ព្ទ មកប្រាប់​ឪពុក​របស់​លោក​ថា លោក​កំពុង​ធ្វើ​ដំណើរទៅប្រទេសចិនហើយ ស្ថានភាពវាដូចជា​មិន​អីទេ»។

* ហេតុ​អ្វី​បាន​ជាលោក​ត្រូវ​ចាប់​ខ្លួន​ក្នុង​ប្រទេស ចិន

រដ្ឋអាជ្ញា​ចិន បាន​ចោទប្រកាន់ថា Schellenberg ព្យាយាមរត់ពន្ធ​សារធាតុ មេតំហ្វេតាមីនជិត ​នឹង​ ២២៧​គីឡូក្រាម ចេញពី​តំបន់ Dalian ភាគខាងជើងប្រទេសចិន ទៅកាន់ប្រទេសអូស្រ្តាលី ដោយ​ប្រើគ្រាប់ប្លាស្ទីក លាក់​ទុក​ក្នុងសំបកកង់។ ប្រតិបត្តិការ​នោះបាន​បរាជ័យ បន្ទាប់ពីអ្នកសមគំនិតម្នាក់​របស់​លោក គឺ​លោក​ Xu Qing បានរាយការណ៍ទៅអាជ្ញាធរចិន។ លោក Schellenberg ក្រោយមកត្រូវបានគេចាប់ខ្លួននៅទីក្រុងក្វាងចូវ ភាគ​ខាង​ត្បូង​ប្រទេសចិន បន្ទាប់ពីត្រូវបានគេចោទថា ​ព្យាយាមរត់គេចទៅកាន់ប្រទេសថៃ។ លោក​ត្រូវបានគេឃុំខ្លួនអស់រយៈពេល១៥ខែ មុនពេលលោក​ត្រូវបានកាត់ទោសជាលើកដំបូង។ កាល​ពី​ខែ​ធ្នូ​ឆ្នាំ ២០១៨​​កន្លង​ទៅនេះ លោក​ត្រូវបានកាត់ទោសពីបទរត់ពន្ធគ្រឿងញៀន និង​បានផ្តន្ទាទោសឱ្យជាប់គុក​រយៈ​ពេល​១៥​ឆ្នាំ រួមជាមួយការផាកពិន័យ​ជា​ប្រាក់១៥០​ពាន់​យន់ ស្មើនឹង ២២០០០ដុល្លារ​អាមេរិក។

សារព័ត៌មាន Wall Street ដែលជាបណ្តាញផ្សាយព័ត៌មានមួយ​ក្នុង​ចំណោមបណ្តាញសារព័ត៌មាន ​មិន​ចំណុះឱ្យរដ្ឋាភិបាលចិន ត្រូវ​បាន​អញ្ជើញ​ឱ្យចូលរួម​ស្តាប់ការកាត់ទោសនេះ។ ប្រភព​ព័ត៌មាន​ខ្លះ​បាន​លើក​ឡើងថា សេចក្តី​ថ្លែងការណ៍​មួយ​ចំនួន​ ​ស្តីពី​ការ​ការ​កាត់​ទោស​លោក Schellenberg ហាក់​មាន​ភាព​មិន​ប្រក្រតី។ មេធាវី​ការពារក្តី​របស់​លោក​បាន​ធ្វើ​ការ​បក​ប្រែ​ខុស។ ជាក់ស្តែង នៅ​ពេល​ លោក​ Schellenberg ប្រាប់តុលាការថា គាត់មិន​ស្គាល់​អំពី​ថ្នាំ​ញៀន​ទេ ប៉ុន្តែអ្នកបកប្រែបាននិយាយថា លោក​មិន​បាន​ដឹងពី​កន្លែង​គ្រឿងញៀន​នៅ​ទី​ណា​នោះទេ។

សូម​ជម្រាប​ថា ​នេះ​បុរសជនជាតិចិនពីរនាក់ផ្សេងទៀត ត្រូវបានកាត់ទោស​ដោយ​ពាក់ព័ន្ធ​នឹង​ករណីនេះ ដោយ​ម្នាក់ត្រូវបានគេដាក់ពន្ធនាគារអស់មួយជីវិត ខណៈម្នាក់ទៀតត្រូវបាន​រួច​ខ្លួន​ពី​ការ​កាត់ទោសប្រហារជីវិត តែ​លោក​បែរ​ជា​ត្រូវ​ប្រហារជីវិត​ទៅ​វិញ។

* តើ​លោក​ Schellenberg បាន​ឆ្លើយ​តប​ដូច​ម្តេច​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​?

លោក Schellenberg បានបដិសេធរាល់ការចោទប្រកាន់ប្រឆាំងរូបលោក ហើយ​និយាយ​ថា ​នេះ​ជា​គម្រោង​ការ​ដែល​ត្រូវ​បាន​រៀប​ចំឡើង​ប៉ុណ្ណោះ​។ យោង​តាម​ភ្នាក់ងារសារព័ត៌មាន AFP បាន​ឱ្យ​ដឹង​ថា លោក​បាន​ប្រាប់​តុលាការ​ថា លោកបានមកប្រទេស​ ចិន ក្នុង​នាម​ជា​ភ្ញៀវទេសចរ​ម្នាក់ប៉ុណ្ណោះ​ បន្ទាប់​ពី​ធ្វើ​ដំណើរ​ឆ្លងកាត់​តំបន់​អាស៊ីអាគ្នេយ៍។

លោក Schellenberg បាននិយាយថា លោកបានជួបជាមួយលោក Xu ដើម្បីរកជំនួយក្នុងការបកប្រែ ប៉ុន្តែ​ក្រោយ​មក លោក​បែរ​ជា​ត្រូវ​ជាប់ពាក់ព័ន្ធ​ជា​មួយ​លោក ដោយ​មិន​ដឹង​ខ្លួន ទាក់ទង​នឹង​ការជួញដូរគ្រឿងញៀន​អន្តរជាតិ។ លោកបានប្តឹងប្រឆាំងនឹងការកាត់ទោស ដោយ​ដាក់​លោក​ក្នុង​​ពន្ធធនាគារ​រយៈ​ពេល​១៥​ឆ្នាំ ហើយ​ទីបំផុត​លោក បែរ​ជា​ត្រូវបានគេកាត់ទោសម្តងទៀតនៅក្នុងទីក្រុង Dalian កាលពីថ្ងៃចន្ទ​ទៅវិញ។

ក្នុង​ពេល​បើក​សវនាការ ចៅក្រម​បាន​លើកឡើងថា ការ​កាត់ទោស​ពី​មុនហាក់​មាន​ទោស​ស្រាល​ពេក ហើយ​ទើបតែ​រកឃើញ​ភស្តុតាងបង្ហាញថា គាត់ជាប់ពាក់ព័ន្ធយ៉ាង​ស្អិតរមួត​ក្នុងការរត់ពន្ធគ្រឿងញៀនអន្តរជាតិ។ យ៉ាង​នេះ​ក្តី លោក Zhang Dongshuo មេធាវីរបស់លោក Schellenberg បានប្រាប់ សារព័ត៌មាន Reuter ថា ទោស​របស់​លោកមិន​គួរ​ធ្ងន់ធ្ងរ​ជាង​មុន​បែប​នេះ​​ឡើយ ព្រោះ​គ្មាន​ភស្តុតាង​អ្វី​ថ្មីត្រូវបានបង្ហាញនៅក្នុងសវនាការ​លើក​ទីពីរ​​ទាល់​តែ​សោះ៕