(សិង្ហបុរី)៖ រដ្ឋមន្រ្តីការពារជាតិសិង្ហបុរី លោក Ng Eng Hen នាថ្ងៃសុក្រនេះបាននិយាយថា យន្តហោះចម្បាំងជំនាន់ថ្មី F-35 របស់ក្រុមហ៊ុនអាមេរិក Lockheed Martin ជាបេក្ខភាពសាកសមជាងគេបំផុត ដើម្បីយកមកប្រើប្រាស់ជំនួសយន្តហោះចម្បាំងធុន F-16 របស់ខ្លួន ហើយថានឹងទិញប៉ុន្មានគ្រឿងដំបូងសម្រាប់ការវាយតម្លៃស្ទាបស្ទង់មើលជាមុនសិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩។
ជាមួយកញ្ចប់ថវិកាធំជាងគេសម្រាប់វិស័យការពារជាតិ ក្នុងចំណោមបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ សិង្ហបុរីគឺប្រៀបដូចជាពានរង្វាន់ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនផលិតសព្វាវុធនៅទូទាំងពិភពលោក ខណៈប្រទេសមានស្តុកស្តម្ភមួយនេះកំពុងផ្តោតទៅលើការវិនិយោគក្នុងបច្ចេកវិទ្យាយោធាថ្មីៗ និងការធ្វើឲ្យប្រសើរឡើងនូវបរិក្ខាយោធារបស់ខ្លួន។
សម្រាប់កងយន្តហោះចម្បាំង F-16 ប្រមាណជា៦០គ្រឿងរបស់សិង្ហបុរីនាពេលបច្ចុប្បន្ន ដែលបានដាក់ឲ្យធ្វើប្រតិបត្តិការជាលើកដំបូងកាលពីឆ្នាំ១៩៩៨ នឹងត្រូវចូលនិវត្តន៍ក្រោយឆ្នាំ២០៣០។ លោក Ng បានឲ្យដឹងថា ស្ថាប័នពាក់ព័ន្ធរបស់សិង្ហបុរីនឹងចាប់ផ្តើមធ្វើការទាក់ទងទៅភាគីអាមេរិក ប៉ុន្តែវាអាចចំណាយពេលពី៩ទៅ១២ខែ ដើម្បីសម្រេចនូវការកំណត់លក្ខខណ្ឌផ្សេងៗនៅក្នុងកិច្ចព្រមព្រៀង។
គួរជម្រាបថា ក្នុងចំណោមចំណូលសរុបដែលក្រុមហ៊ុន Lockheed Martin រកបាន គឺមួយភាគបួនបានមកពីការលក់យន្តហោះចម្បាំង F-35។ យន្តហោះចម្បាំង F-35A ដែលមានការពេញនិយមជាទូទៅជាងគេ មានតម្លៃប្រហែល៩០លានដុល្លារអាមេរិកក្នុងមួយគ្រឿង ប៉ុន្តែសិង្ហបុរីត្រូវមតិភាគច្រើនជឿជាក់ចាប់អារម្មណ៍លើ F-35B ជាង ដែលអាចហោះហើរចេញពីផ្លូវមានប្រវែងខ្លី និងចុះចតត្រង់ស្មើដូចឧទ្ធម្ភាគចក្របាន ប៉ុន្តែថ្លៃជាង F-35A៕