(ស៊ុយអែត)៖ ក្រុមមន្រ្តីបេសកជនមកពីសហរដ្ឋអាមេរិកនិងកូរ៉េខាងជើង នាថ្ងៃពុធនេះបានបើកកិច្ចប្រជុំជាន់ខ្ពស់មួយដោយស្ងាត់ៗនៅឯរដ្ឋធានីស្តុកហូមនៃប្រទេសស៊ុយអែត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Associated Press (AP) នៅយប់ថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩។
អ្នកនាំពាក្យក្រសួងការបរទេសស៊ុយអែតលោកស្រី Diana Kudhaib បានឲ្យដឹងថា កិច្ចពិភាក្សាខាងលើរួមមាននូវវត្តមានរបស់អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតអ្វីទៀតនោះទេ ខណៈទីភ្នាក់ងារព័ត៌មានស៊ុយអែត TT បានរាយការណ៍ថា បេសកជនពិសេសរបស់អាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើង លោក Stephen Biegun និងរដ្ឋមន្រ្តីការបរទេសស៊ុយអែតផ្ទាល់ គឺលោកស្រី Margot Wallstrom ក៏បានចូលរួមផងដែរ។
គួរជម្រាបថា ស៊ុយអែតមានទំនាក់ទំនងការទូតជាមួយ ទីក្រុងព្យុងយ៉ាងចាប់តាំងពីឆ្នាំ១៩៧៣មក និងស្ថិតក្នុងចង្កោមប្រទេសលោកខាងលិចមួយចំនួនតូច ដែលមានស្ថានទូតនៅកូរ៉េខាងជើង។ កាលពីខែមីនា ឆ្នាំ២០១៨ ប៉ុន្មានខែមុនការកើតមានឡើងនៃកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តរវាង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅសិង្ហបុរី រដ្ឋមន្រ្តីការបរទេសស៊ុយអែត លោកស្រី Wallstrom ក៏បានទទួលជួបពិភាក្សាគ្នាជាមួយសមភាគីកូរ៉េខាងជើង លោក Ri Yong Ho នៅទីក្រុងស្តុកហូមផងដែរ៕