(តូក្យូ)៖ ជប៉ុននៅថ្ងៃសុក្រនេះបានបាញ់បង្ហោះរ៉ុក្កែត Epsilon-4 ពាំនាំផ្កាយរណបតូចៗចំនួន ០៧គ្រឿង ចេញពីមជ្ឈមណ្ឌលអវកាស Uchinoura ស្ថិតនៅក្នុងខេត្ត Kagoshima ភាគនិរតីប្រទេសជប៉ុន ឡើងទៅកាន់គន្លងតារាវិថីប្រកបដោយជោគជ័យ ក្នុងនោះមានមួយគ្រឿងអាចបង្កើតព្រឹត្តិការណ៍ទេពច្យុតសិប្បនិម្មិតបាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩។
ផ្កាយរណបទាំង ០៧គ្រឿងខាងលើ ត្រូវបានផលិតឡើងដោយក្រុមហ៊ុនឯកជន និងសាកលវិទ្យាល័យ១០ផ្សេងៗពីគ្នា ហើយទីភ្នាក់ងារអវកាសជប៉ុន ក៏បានទទួលស្គាល់ដែរថា គ្រាប់រ៉ុក្កែត Epsilon-4 បានយកផ្កាយរណបទំាងនេះទៅកាន់គន្លងផែនដីដោយជោគជ័យ ក្នុងរយៈពេល៥០នាទី បន្ទាប់ពីបានចេញនៅរយៈកម្ពស់ ៥១៤គីឡូម៉ែត្រពីផ្ទៃផែនដី។
គួរបញ្ជាក់ថា នេះគឺជាការបាញ់បង្ហោះផ្កាយលើកចុងក្រោយបំផុតរបស់ជប៉ុន និងត្រូវបានធ្វើឡើងក្រោយពេលមានការដាក់ចេញនូវវិធានការថ្មី មួយដែលជម្រុញឱ្យមានការអភិវឌ្ឍ សកម្មភាពនៅទីអវកាស ដោយមានការចូលរួមពីវិស័យឯកជន។ ម្យ៉ាងវិញទៀតការបាញ់បង្ហោះនៅថ្ងៃសុក្រនេះ ក៏ជាលើកដំបូងដែលគ្រាប់រ៉ុក្កែតប្រភេទ Epsilon ដឹកជញ្ជូនផ្កាយរណបច្រើនគ្រឿង។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង ក្នុងចំណោមផ្កាយរណបទាំង០៧គ្រឿងខាងលើ គឺផ្កាយរណបតូចខ្នាតមួយគ្រឿងដែលនឹងបង្កើតឡើងនូវព្រឹត្តិការណ៍ទេពច្យុត នៅលើផ្ទៃមេឃពេលរាត្រីនៃទីក្រុងហីរូស៊ីម៉ានាអំឡុងដើមឆ្នាំ២០២០។ ដើម្បីធ្វើឲ្យដូចជាមានទេពច្យុតកើតឡើង ផ្កាយរណបនេះនឹងបញ្ចេញដុំបាល់ល្អិតៗរាប់រយគ្រាប់ ដែលអាចបញ្ចេញពន្លឺភ្លឺផ្លេកពាសពេញផ្ទៃមេឃ។ ក្រុមហ៊ុនដែលអភិវឌ្ឍន៍ផ្កាយរណបនេះឈ្មោះថា ALE Co. Ltd មានគោលដៅបង្កើតនូវសេវាកម្មទទួលបង្កើតព្រឹត្តិការណ៍ទេពច្យុតសិប្បនិម្មិតនៅទូទាំងពិភពលោក៕