(ម៉ូស្គូ)៖ ជំទាវទីមួយ​អាមេរិក ​លោកស្រី មេឡានៀ ត្រាំ (Melania Trump) ត្រូវបានគេរាយការណ៍ថា បានប្រើប្រាស់​យន្ដហោះរដ្ឋាភិបាល​មួយគ្រឿង ហោះហើរ​ទៅកាន់រម្មណីយដ្ឋានឯ​កជនរបស់ស្វាមីខ្លួន ដែលមានឈ្មោះ ម៉ាអេឡេហ្គោ (Mar-a-Lago) ក្នុងរដ្ឋផ្លូរីដា (Florida) តែប៉ុន្មានម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពីលោក ត្រាំ បានលុបចោល​ដំណើរទស្សនិច្ចរបស់​ប្រធានសភាបក្ស​ប្រជាធិបតេយ្យ ទៅកាន់ទីក្រុង​ព្រុចសែល និងអាហ្វហ្គានីស្ថាន ដោយសារតែ​ការបិទទ្វាររដ្ឋាភិបាលសហព័ន្ធ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩។

សេចក្ដីរាយការណ៍ខាងលើនេះ ត្រូវបានធ្វើឡើង​ដោយ​សារព័ត៌មាន Politico។ សារព័ត៌មាន​មួយនេះបញ្ជាក់ទៀតថា លោកស្រី Melania បានជិះ​យន្ដហោះ​យោធា ចេញពីមូលដ្ឋានទ័ព​អាកាស អាន់ឌ្រូ (Andrews) ក្នុងរដ្ឋម៉ារីឡែន (Maryland) ឆ្ពោះទៅកាន់ឆ្នេរ ផាមប៊ីច (Palm Beach) ដែលស្ថិតនៅ​ចំងាយតែ​ប៉ុន្មាន គីឡូម៉ែត្រ​ពីរម្មណីយដ្ឋាន Mar-a-Lago របស់លោក ដូណាល់ ត្រាំ។

បន្ថែមពីលើនេះ បើទោះជាសេតវិមាន​មិនទាន់ធ្វើការអត្ថាធិប្បាយ​ណាមួយ ក៏ដោយ ប៉ុន្តែព័ត៌មាន​នេះកើតមានឡើង បន្ទាប់ពីលោក ត្រំា ផ្ទាល់កាលពីថ្ងៃព្រហស្បតិ៍ បានលុបចោល​ដំណើរទស្សនិច្ចរបស់​ប្រធាន​សភាបក្សប្រជាធិបតេយ្យ​ លោកស្រី ណានី ភែឡូស៊ី (Nany Pelosi) ទៅកាន់ទីក្រុងព្រុចសែល និងអាហ្វហ្គានីស្ថាន តាមរយៈការមិនអនុញ្ញាតឱ្យលោកស្រីប្រើប្រាស់ យន្ដហោះយោធា ដោយសារតែ​ការបិទរដ្ឋាភិបាល​ ដែលកំពុងបង្ក​ឱ្យបុគ្គលិករដ្ឋជាង ៨០០,០០០នាក់ ពុំទាន់មាន​ប្រាក់ខែបើក។

គួរបញ្ជាក់ថា បើតាមការវាយ​តម្លៃដែលធ្លាប់បានធ្វើឡើង​ដោយកាសែត Washington ដំណើរកម្សាន្តរបស់គ្រួសារប្រធានាធិបតីអាមេរិក​ទៅកាន់ Palm Beach គឺមានតម្លៃរហូតដល់ ៣.៦លានដុល្លារ ក្នុងនោះបូករួមទាំងថ្លៃយន្ដហោះ និងថ្លៃការពារសន្តិសុខ៕