(ម៉ូស្គូ)៖ តារាម៉ូដែលជនជាតិបេឡារុសម្នាក់ ត្រូវបានអាជ្ញាធរុស្ស៊ីចាប់ខ្លួនភ្លាមៗ នៅអាកាសយានដ្ឋានក្នុងទីក្រុងម៉ូស្គូ បន្ទាប់ពីរូបនាងទើបត្រូវបានបញ្ជូនខ្លួនមកពីប្រទេសថៃ ដោយសារមានជាប់ពាក់ព័ន្ធនឹងការបើកសិក្ខាសាលា បង្ហាត់បង្រៀនរឿងផ្លូវភេទនៅទីក្រុង ផាត់តាយ៉ា (Pattaya)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅររសៀលថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩។
តារាម៉ូដែលខាងលើមានឈ្មោះដើមថា អាណាតាស្យ៉ា វ៉ាស៊ូសេវិច (Anastasia Vashukevich) និងត្រូវគេស្គាល់ច្រើនដោយឈ្មោះ ណាស្ទីយ៉ា រីប៊ីកា (Nastya Rybka) បានស្ថិតក្រោមការឃុំឃាំង នៅក្នុងពន្ធនាគារប្រទេសថៃអស់រយៈពេល ០៩ខែ ជាមួយបុគ្គលប៉ុន្មានរូបផ្សេងទៀត បន្ទាប់ពីប៉ូលិសថៃបានបើកប្រតិបត្តិការបង្រ្កាបមួយនៅទីក្រុង Pattaya កាលពីខែកុម្ភៈ ឆ្នាំ២០១៨។
នាង Vashukevich និងជនជាតិរុស្ស៊ីមួយចំនួនទៀត ត្រូវបានអាជ្ញាធរថៃឃាត់ខ្លួន អំឡុងពេលពួកគេកំពុងធ្វើសកម្មភាព បង្ហាត់បង្រៀនរឿងផ្លូវភេទដល់ភ្ញៀវទេសចររុស្ស៊ីនៅឯទីក្រុង Pattaya។ យោងតាមការសម្រេចរបស់តុលាការថៃនាពេលថ្មីៗ តារាម៉ូដែលរូបនេះ ក៏ត្រូវបានបញ្ជូនខ្លួនចេញពីប្រទេសថៃ ដើម្បីត្រឡប់ទៅកាន់ប្រទេសបេឡារុសវិញ តែរូបនាង និងមនុស្ស០៣នាក់ទៀត ត្រូវបានប៉ូលិសរុស្ស៊ីឃាត់ខ្លួននៅព្រលានយន្តហោះ សេរែមែតយ៉េវូ (Sheremetyevo) ក្រោមការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពេស្យាចា។
គួរជម្រាបថា នាង Vashukevich ក៏ធ្លាប់បានអះអាងកាលពីឆ្នាំមុនថា ខ្លួនមានភស្តុតាងដែលបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងម៉ូស្គូពិតជាបានចូលលូកលាន់កិច្ចការបោះឆ្នោតនៅអាមេរិកកាលពីឆ្នាំ២០១៦ ដើម្បីជួយឲ្យលោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកថែមទៀតផង៕