(ញូយ៉ក)៖ ទីក្រុងញូយ៉កកំពុងប្រឈមមុខនឹងវិបត្តិជាច្រើន ខណៈការបិទរដ្ឋាភិបាល ដែលបាននិងកំពុងបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនអាមេរិកហាក់ដូចជាគ្មានសញ្ញាថា នឹងដល់ទីបញ្ចប់សោះ។ នេះបើតាមលោក បៀល ដឺ ប្លាស៊ីយ៉ូ (Bill de Blasio) ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩។
អភិបាលក្រុងញូយ៉ក លោក Bill de Blasio ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅអាមេរិក)។ លោក Blasio បានបន្ថែមថា ដោយសារតែការបិទរដ្ឋាភិបាល ទីក្រុងញូយ៉កមិនមានថវិកាគ្រប់គ្រាន់ ក្នុងការដោះស្រាយបញ្ហានោះទេ ហើយលោកបានព្រមានដែរថា ចាប់ថ្ងៃទី០១ ខែមីនា តទៅ បើសិនជាការបិទរដ្ឋាភិបាលនេះនៅតែបន្ត នោះញូយ៉កនឹងត្រូវខាតបង់ប្រាក់ជាង ៥០០លានដុល្លារជារៀងរាល់ខែ សម្រាប់គំាទ្រដល់កម្មវិធី ឬគម្រោងសហព័ន្ធនានា ក្នុងនោះរួមមានទាំងប្រព័ន្ធលំនៅដ្ឋាន កម្មវិធីផ្ដល់អាហារ ពេលព្រឹក និងថ្ងៃត្រង់នៅតាមសាលាជាដើមដែលនឹងអាចប៉ះពាល់ប្រជាជននៅក្នុងទីក្រុងមួយនេះ រហូតយ៉ាងតិចណាស់ ០២លាននាក់។
គួរបញ្ជាក់ថា ការបិទរដ្ឋាភិបាលដោយសារតែគម្រោងសាងសង់ជញ្ជាំងរបស់លោក ដូណាល់ ត្រាំ បានឈានចូលដល់ថ្ងៃទី២៧ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ រីឯបុគ្គលិករដ្ឋជាង ៨០០,០០០នាក់ ក្នុងនោះមាន ១៨,០០០នាក់ជាបុគ្គលិករដ្ឋក្នុងទីក្រុងញូយ៉ក មានខ្លះបានដាក់ពាក្យឈប់សម្រាក ហើយខ្លះទៀតកំពុងធ្វើការដោយមិនទាន់ មានប្រាក់ខែបើក៕