(កូឡុំប៊ី)៖ មនុស្សយ៉ាងតិច ២១នាក់បានបាត់បង់ជីវិត នៅក្នុងករណីបំផ្ទុះគ្រាប់បែកលើរថយន្តមួយគ្រឿង នៅក្នុងរដ្ឋធានីបូហ្គោតា (Bogota) នៃប្រទេសកូឡុំប៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅរសៀលថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩។
ហេតុការណ៍ខាងលើបានកើតឡើង កាលពីវេលាយប់ថ្ងៃព្រហស្បតិ៍ នៅពេលរថយន្តមួយគ្រឿងដែលមានបង្កៃគ្រាប់បែក បានជិះបំបុកចូលក្នុងសាលាប៉ូលិសមួយកន្លែងក្នុងទីក្រុង Bogota ហើយក៏បានផ្ទុះឡើងយ៉ាងកក្រើក។ ក្រៅពីអ្នកដែលស្លាប់ មនុស្សប្រមាណ ៦៨នាក់ទៀតក៏បានរងរបួសផងដែរ ប៉ុន្តែពួកគេភាគច្រើនបានចេញពីមន្ទីរពេទ្យវិញហើយ ក្រោយការសង្រ្គោះ និងព្យាបាល។
គួរជម្រាបថា ពុំទាន់មានក្រុមណាចេញមុខអះអាងថា ជាទង្វើរបស់ពួកគេនៅឡើយទេ ខណៈប្រធានាធិបតីកូឡុំប៊ី អ៊ីវ៉ាន ឌូកេ (Ivan Duque) បានថ្កោលទោសទង្វើនេះជាសកម្មភាពភេរវករយ៉ាងអាក្រក់មួយ និងបានប្រកាសកាន់ទុក្ខជនរងគ្រោះរយៈពេល ០៣ថ្ងៃនៅទូទាំងប្រទេសទៀតផង៕