(បាងកក)៖ ប៉ូលិស០២នាក់បានទទួលរងរបួសធ្ងន់ បន្ទាប់ពីគ្រាប់បែកមួយគ្រាប់បានផ្ទុះនាព្រឹកថ្ងៃសុក្រនេះ នៅស្រុកណងជីក (Nong Chik) នៅខេត្ត ផាត់តានី (Pattani) ភាគខាងត្បូងប្រទេសថៃ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩។
ប៉ូលិសទាំងពីររូបខាងលើត្រូវបានបញ្ជូន ឲ្យទៅទទួលការព្យាបាលនៅមន្ទីរពេទ្យ Pattani ខណៈអាជ្ញាធរថៃមិនទាន់អាចស៊ើបដឹងច្បាស់ថា តើជនណាជាអ្នកបង្កៃគ្រាប់បែកឡើយ ប៉ុន្តែជឿថាទង្វើនេះមានចេតនាបង្កភាពចលាចលនៅក្នុងខេត្ត Pattani។ ប៉ូលិសទាំងពីរនាក់បានរបួសរងរបួស នៅពេលពួកគេកំពុងអមដំណើរគ្រូបង្រៀនមួយក្រុម។
គួរជម្រាបថា Pattani រួមជាមួយខេត្តយ៉ាឡា (Yala) និងណារ៉ាត់ធីវ៉ាត់ (Narathiwat) គឺជាខេត្ត ០៣ នៅចុងភាគខាងត្បូងប្រទេសថៃជាប់ព្រំដែនម៉ាឡេស៊ី ដែលបានទទួលរងការបំផ្ទុះគ្រាប់បែក និងបាញ់ប្រហារខ្លាំងក្លាជាងគេ ដែលបង្កឡើងដោយក្រុមឧទ្ទាម ហើយគិតចាប់តាំងពីឆ្នាំ២០០៤ មនុស្សជាង ៧,០០០នាក់ហើយបានបាត់បង់ជីវិត៕