(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ីបានប្រទះឃើញយន្តហោះបរទេសចំនួន ២៣គ្រឿង ធ្វើការហោះហើរមកស៊ើបការណ៍ក្បែរៗព្រំដែនរបស់ខ្លួន ក្នុងអំឡុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩។
បើតាមការបញ្ជាក់ពីសារព័ត៌មានផ្លូវការ របស់ក្រសួងការពារជាតិរុស្ស៊ី យន្តហោះរុស្ស៊ីត្រូវបានបញ្ជូនឲ្យទៅស្ទាក់យន្តហោះបរទេសទាំងនោះភ្លាមៗ ដើម្បីកុំឲ្យឈ្លានពានចូលមកក្នុងដែនអាកាសរបស់ខ្លួន។ យន្តហោះស៊ើបការណ៍បរទេសជារឿយៗបានធ្វើការហោះហើរឆ្វែលក្បែរៗព្រំប្រទល់ប្រទេសរុស្ស៊ី ខណៈទីក្រុងម៉ូស្គូតែងតែចោទប្រកាន់សហរដ្ឋអាមេរិក និងអង្គការ NATO ពីការធ្វើសកម្មភាពឈ្លបការណ៍ទាំងនេះ។
គួរជម្រាបថា កាលពីខែវិច្ឆិកាកន្លងទៅ យន្តហោះ EP-3E Aries របស់កងទ័ពជើងទឹកអាមេរិក ត្រូវយន្តហោះចម្បាំងរុស្ស៊ីស្ទាក់ស្កាត់នៅលើដែនសមុទ្រខ្មៅ។ ពេលនោះអាមេរិកបានអះអាងថា យន្តហោះរបស់ខ្លួនធ្វើសកម្មភាពហោះហើរ នៅលើដែនអាកាសអន្តរជាតិ និងបានចាត់ទុកការស្ទាក់របស់យន្តហោះរុស្ស៊ីថា ជាទង្វើគ្រោះថ្នាក់ តែក្រសួងការបរទេសរុស្ស៊ីបានតបវិញថា យន្តហោះអាមេរិកហោះក្បែរដែនអាកាសរុស្ស៊ី ហើយយន្តហោះចម្បាំង Su-27 បានហោះមកស្ទាក់នៅរយៈចម្ងាយដែលមានសុវត្ថិភាពត្រឹមត្រូវ៕