(ប៉េកាំង)៖ កប្បាសដែលបានដុះចេញពន្លកក្នុងការពិសោធន៍ នៅលើយានអវកាសចិន ឆាងអឺ-៤ (Chang'e-4) ដែលកំពុងស្ថិតនៅលើផ្ទៃព្រះច័ន្ទនោះ បានងាប់បាត់ទៅហើយ ដោយសារតែអាកាសធាតុចុះត្រជាក់ខ្លាំងពេក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩។
រុក្ខជាតិកប្បាសខាងលើនេះ ស្ថិតនៅក្នុងការពិសោធន៍ផ្នែកជីវសាស្រ្តរបស់បេសកកម្ម Chang'e-4 ដែលរួមមានគ្រាប់ពូជដំឡូងបារាំង រុក្ខជាតិ Rapeseed និង Arabidopsis ព្រមទាំងពងសត្វរុយ Fruit-Fly និងមេផ្សិតដំបែជាដើម ដោយពួកវាត្រូវគេដាក់នៅក្នុងធុងដែកមួយទម្ងន់ ២.៦គីឡូក្រាម ដែលបានចុះទៅដល់តំបន់ Far Side ឬ Dark Side របស់ព្រះច័ន្ទ (ចំហៀងដែលបែរចេញពីផែនដី) ជាមួយយាន Chang'e-4 កាលពីថ្ងៃទី០៣ ខែមករា។
ដំណើរការពិសោធន៍នេះបានចាប់ផ្តើមភ្លាមៗ នៅប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពី Chang'e-4 បានចុះទៅដល់រណ្តៅ វ៉ុនខាមែន (Von Karman) ហើយវាមានគោលដៅវាយតម្លៃមើលថា តើសត្វនិងរុក្ខជាតិលូតលាស់យ៉ាងដូចម្តេច នៅក្នុងលក្ខខណ្ឌបរិស្ថានរបស់ព្រះច័ន្ទ ដែលមានកម្លាំងទំនាញទាប ជាតិវិទ្យុសកម្មខ្ពស់ និងមានការប្រែប្រួលឡើងចុះសីតុណ្ហភាពខ្លាំង ក្នុងរយៈពេលរាប់សប្តាហ៍ម្តងៗនោះ។
គ្រាប់ពូជកប្បាសដែល Chang'e-4 នាំយកទៅនោះអាចអត់ធន់ ជាមួយលក្ខខណ្ឌបរិស្ថានដែលខុសប្លែកឆ្ងាយពីផែនដីនេះបាន ក្នុងដំណាក់កាលដំបូង និងក្លាយជារុក្ខជាតិដំបូងគេបង្អស់ ដែលបានដុះចេញពន្លកនៅលើទីឋានដទៃទៀតក្រៅពីភពរបស់យើង ខណៈមន្រ្តីផ្នែកអវកាសចិន មិនបានបញ្ជាក់ឲ្យដឹងពីស្ថានភាពនៃសត្វ និងរុក្ខជាតិដទៃឡើយ។ តែវាពុំមែនជារុក្ខជាតិមុនគេ ដែលលូតលាស់នៅក្រៅផែនដីនោះទេ ព្រោះកន្លងមកនេះក៏ធ្លាប់មានការពិសោធន៍ស្រដៀងគ្នា នៅលើស្ថានីយអវកាស Mir របស់រុស្ស៊ី ស្ថានីយអវកាសអន្តរជាតិ ISS និងមន្ទីរពិសោធន៍អវកាស Tiangong-2 របស់ចិនផងដែរ។
ប៉ុន្តែធុងពិសោធន៍ខាងលើ ទំនងជាមិនមានម៉ាស៊ីនកម្តៅដើរដោយថាមពលថ្ម ដូច្នេះអាកាសធាតុដ៏ត្រជាក់ក្នុងពេលរាត្រីនៅលើផ្ទៃព្រះច័ន្ទ ក៏បានធ្វើឲ្យពន្លកកប្បាសទាំងនោះស៊ូទ្រាំតទៀតលែងរួច (នៅលើព្រះច័ន្ទសីតុណ្ហភាពចុះដល់ -១៧០អង្សាសេ ខណៈនៅក្នុងធុងពិសោធន៍ចុះដល់ -៥២អង្សាសេ)។ ព្រះច័ន្ទត្រូវចំណាយពេល ២៧ថ្ងៃ (ពេលវេលានៅលើផែនដី) ដើម្បីវិលជុំវិញខ្លួនវាបានមួយជុំ ដូច្នេះយប់ហើយ និងថ្ងៃនៅទីនោះ មានរយៈពេល ០២សប្តាហ៍ដូចគ្នា។ ដោយឡែក រយៈពេលរង្វិលជុំនេះត្រូវគ្នាជាមួយនឹងរយៈពេលគោចររបស់ព្រះច័ន្ទនៅជុំវិញផែនដី ទើបជាហេតុធ្វើឲ្យផ្ទៃតែម្ខាងរបស់វា បែរមករកផែនដី រីឯម្ខាងទៀតបែរចេញពីផែនដីជាប់រហូត។
គួរជម្រាបថា យាន Chang'e-4 ស្ថិតក្នុងកម្មវិធីរុករកនៅឋានព្រះច័ន្ទ ដែលប្រកបដោយមហិច្ឆតាធំធេងរបស់ប្រទេសចិន។ កន្លងមកនេះចិនធ្លាប់បានបញ្ជូនយាន Chang'e-1 និង Chang'e-2 ជាប្រភេទផ្កាយរណប (Orbiter) កាលពីឆ្នាំ២០០៧ និងឆ្នាំ២០១០ ទៅគោចរជុំវិញព្រះច័ន្ទ និងបានបញ្ជូនយាន Change'e-3 ដែលមានយានពីរគ្រឿង គឺប្រភេទ Lander នៅមួយកន្លែង ១គ្រឿង និង Rover ដែលអាចចល័តបានមួយគ្រឿង (ដូច Chang'e-4 ដែរ) ទៅចុះចតនៅចំហៀងរបស់ព្រះច័ន្ទ ដែលបែរមករកផែនដីគេហៅថាតំបន់ Near Side កាលពីខែធ្នូ ឆ្នាំ២០១៣។ ប្រសិនបើអ្វីៗប្រព្រឹត្តទៅតាមការគ្រោងទុក ចិននឹងចេញបេសកកម្ម Chang'e-5 មួយទៀត ដើម្បីទៅប្រមូលគំរូស្លាកស្នាមពីផ្ទៃព្រះច័ន្ទ មកពិសោធន៍លើផែនដីវិញនៅក្នុងឆ្នាំនេះតែម្តង៕