(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបង្ហាញចេញនូវផែនការថ្មីៗក្នុងមន្ទីរបញ្ចកោណ ដែលមានដូចជាការបង្កើនសមត្ថភាព និងដាក់ពង្រាយបន្ថែមនូវប្រព័ន្ធការពារមីស៊ីល ដើម្បីការពារសវុត្ថិភាពទឹកដីសហរដ្ឋអាមេរិកឲ្យកាន់តែប្រសើរជាងមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ បានថ្លែងនៅក្នុងកិច្ចប្រជុំមួយនាមន្ទីរបញ្ចកោណយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកនឹងបង្កើនកិច្ចការពារសុវត្ថិភាពរបស់ខ្លួន ប្រឆាំងនឹងការវាយប្រហារនានាដោយគ្រាប់មីស៊ីលដូចជាពពួកមីស៊ីលប្រដេញ និងមីស៊ីលលឿនជាងសំឡេងជាដើម...។ ពិភពលោកបាននិងកំពុងផ្លាស់ប្តូរហើយ ដូច្នេះសហរដ្ឋអាមេរិកមិនអាចគ្រាន់តែមានការផ្លាស់ប្តូរតិចតួចនោះទេ... វាមិនគ្រប់គ្រាន់ឡើយសម្រាប់យើង ដោយគ្រាន់តែរក្សាល្បឿននៃការប្រកួតប្រជែង ស្មើៗនឹងសត្រូវរបស់យើងនោះ...»។
បើតាមរបាយការណ៍នានាកន្លងមក មន្ទីរការពារជាតិបញ្ចកោណនៃសហរដ្ឋអាមេរិក កំពុងតែពិនិត្យទៅលើលទ្ធភាពបង្កើនការដាក់ពង្រាយ ខែលការពារមីស៊ីលបាញ់ចេញពីគ្រប់ទិស ទៅលើប្រព័ន្ធការពារដែលមានស្រាប់ បូករួមទាំងការបំពាក់ប្រព័ន្ធសេនសឺនៅទីអវកាស និងប្រព័ន្ធស្ទាក់ចាប់សញ្ញាមីស៊ីល ដែលអាចឲ្យអាមេរិកចាប់បានគ្រាប់មីស៊ីលប្រភេទលឿនជាងសំឡេង និងយន្តហោះដ្រូន ព្រមអាចប្រើប្រាស់កាំភ្លើងឡាស៊ែរ ដើម្បីបាញ់ទម្លាក់អាវុធសត្រូវទាំងនេះថែមទៀតផង។
គួរបញ្ជាក់ថា ទោះបីជាមិនបានការបញ្ជាក់ចំៗថា សត្រូវពិតប្រាកដជានរណាក៏ដោយ ប៉ុន្តែការរៀបចំផែនដីទប់ទល់ភ្លាមៗរបស់សហរដ្ឋអាមេរិកនេះ គឺបានកើតមានឡើងបន្ទាប់ពីប្រទេសរុស្ស៊ី បានបង្ហាញចេញនូវគ្រាប់មីស៊ីលប្រភេទថ្មី ដែលមានល្បឿនលឿនជាសំឡេង និងអាចបញ្ជាឲ្យចង្អុលរកគោលដៅត្រូវវាយប្រហារថែមទៀតផង ដែលប្រការនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិកផ្ទាល់៕