(ម៉ូស្គូ)៖ បណ្ឌិតសភាវិទ្យាសាស្រ្តនៃប្រទេសរុស្ស៊ី (RAS) បានសម្រេចព្រមព្រៀងចំពោះការអភិវឌ្ឍកម្មវិធីជាតិមួយ សំដៅស្រាវជ្រាវលើបញ្ហា និងមធ្យោបាយទប់ទល់នឹងគ្រោះថ្នាក់ផ្សេងៗដែលមកពីទីអវកាសដូចជា អាចម៍ផ្កាយ ផ្កាយដុះកន្ទុយ និងសំរាមអវកាសជាដើម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩។
បើតាមស្ថាប័ន RAS ក្រុមអ្នកស្រាវជ្រាវបានប្រទះឃើញវត្ថុអាចបង្កគ្រោះថ្នាក់ចំនួន១៨,០០០ នៅទីអវកាសដែល ៩៩ភាគរយក្នុងចំណោមនោះគឺជាអាចម៍ផ្កាយ ខណៈដែលបច្ចុប្បន្នការចូលរួមចំណែករបស់ប្រទេសរុស្ស៊ី នៅក្នុងការប្រឹងប្រែងចាប់សញ្ញានៃអាចម៍ផ្កាយ និងផ្កាយដុះកន្ទុយដែលអាចបង្កគ្រោះថ្នាក់នោះ គឺមានអត្រាត្រឹម ០.១ភាគរយប៉ុណ្ណោះ រីឯសហរដ្ឋអាមេរិកវិញគឺជាប្រទេសសកម្មជាងគេក្នុងរឿងនេះ។
ជុំវិញបញ្ហាខាងលើនេះ ប្រធានផ្នែករៀបចំផែនការយុទ្ធសាស្រ្ត និងកម្មវិធីពិសេសៗនៃទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos ក៏បានលើកឡើងផងដែរថា រុស្ស៊ីគួរតែមានការអភិវឌ្ឍគម្រោងថ្នាក់ជាតិមួយ ដើម្បីទប់ទល់ជាមួយហានិភ័យបែបនេះ។ បើតាមចាំកាលពីដើមឆ្នាំ២០១៣ ប្រទេសរុស្ស៊ីបានទទួលរងគ្រោះដោយអាចម៍ផ្កាយធំមួយ ដែលបានបណ្តាលឲ្យមនុស្សរាប់រយនាក់រងរបួស និងអគារនានារងការខូចខាតយ៉ាងដំណំ។
កាលពីឆ្នាំ២០១៧ ទីភ្នាក់ងារអវកាសអឺរ៉ុប ESA បានឲ្យដឹងថា អាចម៍ផ្កាយមួយដុំដែលមានមុខកាត់ចន្លោះពី ១៥ម៉ែត្រ ទៅ ៣០ម៉ែត្រ បានហោះមកឆាបផែនដីក្នុងចម្ងាយត្រឹម ៤៤,០០០គីឡូម៉ែត្រពីគ្នាប៉ុណ្ណោះ។ ESA បានបញ្ជាក់ថា អាចម៍ផ្កាយទំហំប៉ុននេះ បើចូលមកក្នុងបរិយាកាសផែនដី នឹងជះឥទ្ធិពលស្រដៀងគ្នាទៅនឹងព្រឹត្តិការណ៍ផ្ទុះអាចម៍ផ្កាយ ក្នុងទីក្រុង Chelyabinsk ប្រទេសរុស្ស៊ី ដែលបានបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរនៅក្នុងតំបន់ កាលពីឆ្នាំ២០១៣ ដូច្នោះដែរ៕