(ប៊ែរឡាំង)៖ មន្រ្តីការទូតជើងចាស់ម្នាក់របស់អាល្លឺម៉ង់គឺ លោក Wolfgang Ischinger បានលើកឡើងនាថ្ងៃព្រហស្បតិ៍នេះថា អ៊ីរ៉ង់កំពុងនាំទុក្ខដាក់ខ្លួននិងបង្កការគំរាមកំហែងដល់កិច្ចប្រឹងប្រែងរបស់អឺរ៉ុប ក្នុងការរក្សាការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់តាមរយៈការធ្វើសកម្មភាពចារកម្មនៅក្នុងតំបន់អឺរ៉ុប។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩។
យ៉ាងណាក៏ដោយ លោក Ischinger ដែលជាប្រធានសន្និសីទសន្តិសុខអន្តជាតិនៃទីក្រុង Munich បានហាមមិនឲ្យអឺរ៉ុបធ្វើដូចសហរដ្ឋអាមេរិក ដើរចេញពីកិច្ចព្រមព្រៀងដ៏សំខាន់នេះឡើយ ដោយសារតែវាត្រូវសម្រេចបានក្រោមគោលដៅតែមួយគត់ គឺដើម្បីបញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងពុំបានលើកឡើងពីបញ្ហាដទៃទៀត ដូចជាការធ្វើចារកម្មជាដើមនោះឡើយ។
គួរជម្រាបថា ការព្រមានរបស់លោក Ischinger ធ្វើឡើង បន្ទាប់ពីមានករណីចាប់ខ្លួនបុរសជនជាតិអាល្លឺម៉ង់ដើមកំណើតអាហ្វហ្គានីស្ថានម្នាក់ ដែលបម្រើការក្នុងវិស័យយោធាប្រទេសអាល្លឺម៉ង់ ដោយសារសង្ស័យលួចផ្តល់ព័ត៌មានសម្ងាត់ៗទៅឲ្យទីភ្នាក់ងារចារកម្មរបស់អ៊ីរ៉ង់។
មន្រ្តីជើងចាស់រូបនេះបាននិយាយថា សកម្មភាពចារកម្មរបស់អ៊ីរ៉ង់ នៅអាល្លឺម៉ង់និងនៅតាមប្រទេសអឺរ៉ុបដទៃទៀត កំពុងបង្កឲ្យមានក្តីព្រួយបារម្ភផ្នែកនយោបាយ និងកំពុងរារាំងកិច្ចប្រឹងប្រែងដែលសំដៅរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឲ្យនៅឋិតថេរ ដោយទង្វើបែបនេះ គឺប្រៀបដូចអ៊ីរ៉ង់កំពុងនាំទុក្ខដាក់ខ្លួនកាន់ទៅធ្ងន់ទៅវិញទេ៕