(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅតែប្តេជ្ញាថា នឹងដកទ័ពចេញពីប្រទេសស៊ីរី ខណៈទើបមានការវាយប្រហារភេរវកម្មនៅទីក្រុង មែនប៊ីច (Manbij) ភាគខាងជើងស៊ីរី ដែលបានបណ្តាលឲ្យកងទ័ពអាមេរិកមួយចំនួនបាត់បង់ជីវិត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩។
នៅក្នុងជំនួបជាមួយក្រុមព្រឹទ្ធសមាជិកបក្សសាធារណរដ្ឋ នាថ្ងៃពុធសប្តាហ៍នេះលោក ដូណាល់ ត្រាំ នៅតែបង្ហាញជំហរថា លោកនឹងដកកងទ័ពអាមេរិកចេញពីស៊ីរីដដែល។ ការបញ្ជាក់នេះធ្វើឡើងបន្ទាប់ពី នាយទាហានអាមេរិកមួយចំនួនបានបាត់បង់ជីវិត (មិនទាន់មានការបញ្ជាក់ចំនួនច្បាស់លាស់) ដោយសារការបំផ្ទុះគ្រាប់បែកនៅក្រុង Manbij ប្រទេសស៊ីរី ហើយក្រុមភេរវករ ISIS បានចេញមុខអះអាងថា ជាស្នាដៃរបស់ពួកគេ។
គួរជម្រាបថា យ៉ាងណាមិញនៅមិនទាន់មានការប្រកាសពីកាលបរិច្ឆេទកំណត់ច្បាស់ ស្តីពីគម្រោងដកកងទ័ពអាមេរិកចេញពីស៊ីរីនៅឡើយទេ៕