(ហាណូយ)៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងធ្វើដំណើរមកកាន់ប្រទេសវៀតណាម សម្រាប់ការបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រ បន្ទាប់ពីបុណ្យចូលឆ្នាំចិន ពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី០៨ ខែកុម្ភៈខាងមុខនេះ ដែលអាចធ្វើឡើងនៅមុនជំនួបកំពូល ត្រាំ-គីម លើកទីពីរត្រូវរៀបចំឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩។
សារព័ត៌មាន Reuters បានឱ្យដឹងទៀតថា ក្នុងចំណោមប្រភពចំនួន ០២ ដែលខ្លួនទទួលបាន មានប្រភពមួយបានទទួលស្គាល់ពីគម្រោង នៃដំណើរទស្សនកិច្ចរបស់ លោក គីម ជុងអ៊ុន តែមិនបានបញ្ជាក់ពីកាលបិរច្ឆេទឡើយ ហើយក៏មិនបានទទួលស្គាល់ថា ដំណើរទស្សនិច្ចផ្លូវរដ្ឋរបស់លោក គីម មកកាន់ ប្រទេសវៀតណាម មានជាប់ពាក់ព័ន្ធនឹងការរៀបចំជំនួបកំពូលជាមួយលោក ដូណាល់ ត្រាំ ដែរឬយ៉ាងណានោះទេ។ ចំណែកឯ ក្រសួងការបរទេសវៀតណាមវិញ ក៏មិនបានឆ្លើយតបនឹងសំណួរពី Reuters ដែរ។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន សារព័ត៌មាននៅក្នុងប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថា លោក ដូណាល់ ត្រាំ ចង់ជួបលោក គីម ជុងអ៊ុន ជាលើកទី ២ នៅក្នុងទីក្រុងហាណូយ នៅពាក់កណ្ដាលខែកុម្ភៈខាងមុខ ខណៈអ្នកជំនាញជាច្រើនសុទ្ធតែរំពឹងថា វៀតណាមនឹងទទួលបានសិទ្ធិរៀបចំ ជំនួបកំពូលនេះដោយសារតែប្រទេសកម្មុយនីស្ដមួយនេះ មានទំនាក់ទំនងល្អជាមួយកូរ៉េខាងជើងផង និងសហរដ្ឋអាមេរិកផង។
ប៉ុន្តែការប្រកាស ជាផ្លូវការពីទីតាំងរៀបចំជំនួបកំពូល ទំនងជានឹងត្រូវប្រកាសក្នុងពេលឆាប់ៗ ពោលគឺអាចនៅក្រោយកិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង និងអាមេរិកនៅក្នុងសប្ដាហ៍នេះ ខណៈប្រទេសថៃក៏បានប្រជែងសុំធ្វើជាម្ចាស់ផ្ទះ ជាមួយវៀតណាមផងដែរ៕