(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកអវកាស SpaceX របស់សហរដ្ឋអាមេរិកនៅថ្ងៃពុធសប្តាហ៍នេះបានប្រកាសឲ្យដឹងថា ការសាងសង់ក៏ដូចជាធ្វើតេស្តនាវាអវកាសគំរូ សម្រាប់បេសកកម្មទៅកាន់ភពអង្គារ (Mars) នឹងប្រព្រឹត្តទៅនៅរដ្ឋតិចសាស់ ពុំមែននៅក្នុងទីក្រុង Los Angeles នោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩។
កាលពីឆ្នាំមុនក្រុមហ៊ុនដែលមូលដ្ឋាននៅរដ្ឋកាលីហ្វរញ៉ាមួយនេះ ទទួលបានការអនុញ្ញាតឲ្យសាងសង់មូលដ្ឋានធំថ្មីមួយ នៅទីក្រុង Los Angeles ដើម្បីអភិវឌ្ឍន៍នាវាអវកាស ព្រមទាំងគ្រាប់រ៉ុក្កែត សម្រាប់ការធ្វើដំណើរទៅកាន់ Mars ដែលត្រូវគេរំពឹងថា នឹងផ្តល់ឱកាសការងារយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងតំបន់។
ប៉ុន្តែឥឡូវដូចការបញ្ជាក់ខាងលើ គម្រោងទាំងនេះនឹងលើកយកទៅអនុវត្តន៍នៅភាគខាងត្បូងរដ្ឋតិចសាស់វិញក្រោមហេតុផលថា ដើម្បីឲ្យក្រុមហ៊ុនដំណើរការទៅមុខប្រកបដោយប្រសិទ្ធភាពជាងមុន។ ផែនការរបស់ SpaceX គឺនាំយានដឹកទំនិញទៅភពអង្គារនៅឆ្នាំ២០២២ និងបន្ទាប់មកទៀត គឺនៅឆ្នាំ២០២៤ SpaceX នឹងដឹកនាំមនុស្សទៅតែម្តងប្រសិនបើផែនការជាបន្តបន្ទាប់ ព្រឹត្តទៅដោយរលូន។
គួរជម្រាបថា ដំណឹងនេះបានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន SpaceX បានប្រកាសពីការកាត់បន្ថយបុគ្គលិក ១០ភាគរយ នៃបុគ្គលិកសរុបជាង ៦,០០០នាក់របស់ខ្លួន។ SpaceX ត្រូវបានបង្កើតឡើងដោយមហាសេដ្ឋីអាមេរិក លោក Elon Musk ហើយថ្មីៗនេះ SpaceX មានតម្លៃជាទឹកប្រាក់សរុបរហូតដល់ ៣០.៥ពាន់លានដុល្លារសហរដ្ឋអាមេរិក៕