(វ៉ាស៊ីនតោន)៖ បុរសវ័យក្មេងម្នាក់មកពីរដ្ឋ ហ្សកហ្ស៊ី (Georgia) ត្រូវបានអាជ្ញាធរអាមេរិកចាប់ឃាត់ខ្លួនពីបទរៀបចំគម្រោងវាយប្រហារលើសេតវិមាន ព្រមទាំងអគាររដ្ឋាភិបាលមួយចំនួនផ្សេងទៀត នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩។
រដ្ឋអាជ្ញាអាមេរិកលោក ប៊ីចាយ ផេក (Bjay Pak) នៃរដ្ឋហ្សកហ្ស៊ី (Georgia) បានប្រាប់ក្រុមអ្នកកាសែតនាថ្ងៃពុធសប្តាហ៍នេះថា ជនសង្ស័យខាងលើមានឈ្មោះ ហេស៊ឺ តាហេប (Hasher Taheb) អាយុ ២១ឆ្នាំមកពីរដ្ឋ Georgia បានរៀបចំផែនការប្រើគ្រឿងផ្ទុះ ដែលរួមមាននូវគ្រាប់បែកច្នៃ និងគ្រាប់រ៉ុក្កែតបាញ់រថក្រោះដើម្បីវាយប្រហារទីតាំងខាងលើ។
គួរជម្រាបថា បើតាមទីភ្នាក់ងារ FBI លោក Taheb បានធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ ខណៈជនរូបនេះបានស្ថិតក្រោមការតាមដាន និងស៊ើបអង្កេតចាប់តាំងពី FBI ទទួលបានតំរុយកាលពីជាងមួយឆ្នាំមុនមកម្ល៉េះ។ លោក Taheb នឹងត្រូវបង្ហាញខ្លួននៅចំពោះមុខតុលាការនៅថ្ងៃទី២៤ ខែមករា៕