(ប៉េកាំង)៖ ឧបនាយករដ្ឋមន្ត្រីចិន លោក លីវ ហេ (Liu He) នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៣០ រហូតដល់ថ្ងៃទី៣១ ខែមករាខាងមុខនេះ ដើម្បីចូលរួមក្នុងកិច្ចចរចាដោះស្រាយជម្លោះពាណិជ្ជកម្ម ជាមួយទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក កៅ ហ្វេង (Gao Feng) បានទទួលស្គាល់ជាផ្លូវការ ពីគម្រោងបំពេញដំណើរទស្សនកិច្ចរបស់លោក Liu នៅអំឡុងធ្វើសន្និសីទសារព័ត៌មានខ្លីប្រចាំសប្ដាហ៍ នៅថ្ងៃព្រហស្បតិ៍នេះតែម្ដង។ ប៉ុន្តែលោក Feng មិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះឡើយ ខណៈលោក Liu ត្រូវបានគេ រំពឹងថា នឹងជួបពិភាក្សាការងារជាមួយអ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក រ៉ូប៊ឺត ឡៃធីហ្សែរ (Robert Lighthizer) និងរដ្ឋមន្ត្រីរតនាគារជាតិអាមេរិកលោក ស្ទេវិន ម៉ានូជីន (Steven Mnuchin) នៅក្នុងជំនួបដោះស្រាយជម្លោះពាណិជ្ជកម្មបច្ចុប្បន្ន។
គួរជម្រាបថា ការទទួលស្គាល់ពីដំណើរទស្សនកិច្ច ទៅកាន់សហរដ្ឋអាមេរិករបស់លោក Liu He កើតមានឡើងតែជាង ០២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមន្ត្រីពាណិជ្ជកម្មចិន និងអាមេរិក បានជួបប្រជុំគ្នាក្នុងជំនួបថ្នាក់អនុរដ្ឋមន្ត្រីនៅឯទីក្រុងប៉េកាំង ជាមួយការអះអាងដូចគ្នាពីភាពជឿនលឿនឆ្ពោះទៅរក ដំណោះស្រាយបញ្ចប់ជម្លោះពាណិជ្ជកម្ម រវាងមហាយក្សសេដ្ឋកិច្ចទាំង ២៕