(បាងកក)៖ ការដ្ឋានសាងសង់គម្រោងរថភ្លើងអេឡិចត្រូនិក នៅក្នុងទីក្រុងបាងកក ត្រូវបានបិទរយៈពេល ០៧ថ្ងៃ ខណៈរដ្ឋាភិបាលថៃកំពុងប្រយុទ្ធប្រឆាំងនឹងផ្សែងអ័ព្ទពុលនៅក្នុងរាជធានីនៃប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩។
នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធសប្ដាហ៍នេះ រដ្ឋមន្ត្រីដឹកជញ្ជូនថៃលោក អាខុម តឺមភីតាយ៉ាផៃសិដ្ឋ (Arkhom Termpittayapaisith) បានឱ្យដឹងថា អាជ្ញាធរបាន សម្រេចចេញសេចក្ដីណែនាំមួយ ដល់ម្ចាស់ការដ្ឋានទាំងអស់ក្នុងទីក្រុងបាងកក ផ្អាកសកម្មភាពសាងសង់របស់ខ្លួន រហូតដល់ថ្ងៃអង្គារសប្ដាហ៍ក្រោយ។ លោកបន្ថែមថា ម្ចាស់ការដ្ឋានទាំងអស់ ចំាបាច់ត្រូវតែសំអាតការដ្ឋានសាងសង់របស់ខ្លួន និងផ្លូវស្ថិតនៅក្បែរ ហើយមិនតប៉ុណ្ណោះ សូម្បីតែរថយន្ដចេញចូលការដ្ឋាន ក៏ត្រូវសំអាតកង់រថយន្ដឱ្យបានស្អាតផងដែរ។
គួរជម្រាបថា ក្រៅតែវិធានការលើការដ្ឋានសាងសង់ អាជ្ញាធរថៃថែមទាំងបានបង្គាប់ឱ្យរថយន្ដក្រុង ប្រើប្រាស់ម៉ាស៊ូតចំនួន ២,០៧៥គ្រឿង ក្នុងទីក្រុងបាងកក ប្ដូរមកប្រើប្រាស់ប្រេងសាំងវិញ ដោយទុករយៈពេល ០២ថ្ងៃ ដើម្បីការពារ ក៏ដូចជាទប់ស្កាត់ការបញ្ចេញផ្សែងខ្មៅ ទៅក្នុងបរិយាកាស។ ទីក្រុងបាងកកដែលជាតំបន់ទេសចរណ៍ធំមួយប្រចាំអាស៊ីអាគ្នេយ៍នេះ បាននិងកំពុងវាយប្រហារដោយបរិស្ថានកខ្វក់ ជាពិសេសគឺខ្យល់ពុលជាច្រើនឆ្នាំមកហើយ ដោយសារតែកំណើនប្រជាជន អគារខ្ពស់ៗ និងយានជំនិះ៕