(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា កងកម្លាំងការពារមីស៊ីលរបស់សហរដ្ឋអាមេរិកដែលត្រូវបានដាក់ឱ្យឈរជើងនៅទ្វីបអឺរ៉ុប គឺដើម្បីទប់ទល់ការគំរាមកំហែងទាំងឡាយពីសំណាក់ «ប្រទេសទំនើង» មួយចំនួនដូចជាអ៊ីរ៉ង់ជាដើម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់អាមេរិកខាងលើ ធ្វើឡើងនៅក្នុងសន្និសីទមួយស្ដីពីកម្មវិធី Missile Defense Review (MDR) សម្រាប់ឆ្នាំ២០១៩ នេះ។ មន្ត្រីរូបនេះដដែល បានបញ្ជាក់នាឱកាសនោះយ៉ាងដូច្នេះថា «កងកម្លាំងការពារមីស៊ីលរបស់សហរដ្ឋអាមេរិក ត្រូវបានដាក់ឱ្យឈរជើងនៅទ្វីបអឺរ៉ុប ដើម្បីទប់ទល់ការគំរាមកំហែងទាំងឡាយ ពីសំណាក់ប្រទេសទំនើង។ ជាឧទាហរណ៍ជាក់ស្ដែងយើងបានឈរជើងនៅអឺរ៉ុប គឺក្នុងចេតនាដោះស្រាយ និងទប់ទល់នឹងការគំរាមកំហែងពីអ៊ីរ៉ង់»។
គួរបញ្ជាក់ថា បើតាមមន្ត្រីជាន់ខ្ពស់អាមេរិករូបនេះ MDR ក៏នឹងដោះស្រាយផងដែរចំពោះការគំរាមកំហែងបង្កឡើងអាវុធ ឬមីស៊ីលលឿនជាងសំឡេង ពីសំណាក់បណ្ដាប្រទេសមួយចំនួន ហើយបើទោះជាមិនបានលើកចំឈ្មោះក៏ដោយ ប៉ុន្តែគេដឹងថា ចង់សំដៅទៅលើចិនជាពិសេសគឺរុស្ស៊ី ដែល ទើបតែបាញ់សាកល្បងប្រកបដោយជោគជ័យ នូវអាវុធមីស៊ីលលឿនជាងសំឡេង៕