(ប៉េកាំង)៖ សារព័ត៌មាន Globe and Mail បានរាយការណ៍ថា ស្ត្រីជាពលរដ្ឋកាណាដាម្នាក់ត្រូវបានចាប់ឃុំខ្លួនក្នុងរយៈពេលខ្លី និងរងការប្រើប្រាស់ហិង្សាពីសំណាក់ភ្នាក់ងារសន្តិសុខចិន នៅអំឡុងពេលត្រូវធ្វើដំណើរឆ្លងកាត់ តាមអាកាសយានដ្ឋានទីក្រុងប៉េកាំង នៅថ្ងៃពុធសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩។
យោងតាមសារព័ត៌មានកាណាដា Globe and Mail លោកស្រី ទីអាន់ណា វ៉ាង (Ti-Anna Wang) ត្រូវបានមន្ត្រីប៉ូលិសចិន ០៦នាក់ អូសចេញពីយន្ដហោះដោយបំបែកចេញពីប្ដី ហើយបញ្ជូនទៅឃុំខ្លួនអស់ជាង ០២ម៉ោងជាមួយកូនស្រី ក្នុងពេលត្រូវចាកចេញពីទីក្រុងប៉េកាំង ឆ្ពោះទៅកាន់ទីក្រុង តូរ៉ុនតូ (Toronto) ប្រទេសកាណាដា។
សារព័ត៌មានដដែលបានបញ្ជាក់ទៀតថា លោកស្រី Wang ត្រូវបានហាមឃាត់ប្រើប្រាស់ទូរស័ព្ទដៃ និងកុំព្យូរទ័រដើម្បី ទាក់ទងជាមួយស្ថានទូតកាណាដាប្រចំាទីក្រុងប៉េកាំង ហើយមិនតែប៉ុណ្ណោះក្រុមមន្ត្រីចិន ក៏បានប្រាប់លោកស្រីដែរថា មិនអនុញ្ញាតឱ្យត្រឡប់ទៅកាន់ប្រទេសកាណាដា តាមជើងហោះហើរទីក្រុងប៉េកាំងឡើយ ដោយបង្គាប់ឱ្យលោកស្រីជិះនៅលើជើងហោះហើរមួយទៀត ត្រឡប់ទៅប្រទេស កូរ៉េខាងត្បូងវិញ។
ប៉ុន្តែជុំវិញសេចក្ដីរាយការណ៍នេះដែរ ក្រសួងការបរទេសចិនមិនទាន់អតា្ថធិប្បាយអ្វីទេ ប៉ុន្តែហេតុការណ៍ខាងលើកើតមានឡើង ក្រោយកាណាដាចេញសេចក្ដីព្រមានឱ្យពលរដ្ឋរបស់ខ្លួនទំាងនៅក្នុង និងចង់ធ្វើដំណើរទៅកាន់ប្រទេសចិនមានការប្រុងប្រយ័ត្នខ្ពស់ ខណៈទំនាក់ទំនងការទូត រវាងប្រទេសទាំង ២ កំពុងកើនឡើងកម្ដៅជាថ្មី បន្ទាប់ពីជនជាតិកាណាដាម្នាក់ត្រូវបានតុលាការចិន ផ្ដន្ទាទោសប្រហារជីវិត ពីបទរត់ពន្ធគ្រឿងញៀន។
គួរបញ្ជាក់ថា លោកស្រី Ti-Anna Wang គឺជាស្រីរបស់លោក វ៉ាង ពីងចាង (Wang Bingzhang) ដែលជាសកម្មជនការពារសិទ្ធិមនុស្សម្នាក់ កំពុងជាប់ឃុំអស់មួយជីវិតនៅក្នុងប្រទេសចិនពីបទស៊ើបការណ៍សំងាត់ និងភេរវកម្ម។ ម្យ៉ាងវិញទៀត បើតាម The Globe and Mail លោកស្រី Ti-Anna Wang ត្រូវបានអាជ្ញាធរចិនហាមឃាត់ចូលក្នុងទឹកដីចិន កាលពីសប្ដាហ៍មុន នៅពេលដែលលោកស្រីបានធ្វើដំណើរមកដល់អាកាសយានដ្ឋានទីក្រុង បើទោះជាទទួលបានទិដ្ឋាការកាលពីខែសីហា ឆ្នាំ២០១៨ ដើម្បីមកសួរសុខទុកឪពុករបស់ខ្លួនក៏ដោយ៕