(ស៊ីដនី)៖ មហាសេដ្ឋីអាមេរិក លោក អេឡូន ម៉ាសក៍ (Elon Musk) ដែលជាម្ចាស់ក្រុមហ៊ុនល្បីៗដូចជា Tesla និង SpaceX នោះ បានលើកឡើងថា ការសាងសង់ប្រព័ន្ធផ្លូវក្រោមដីពីខាងក្រោមជួរភ្នំ Blue Mountains ក្នុងរដ្ឋ New South Wales នៃប្រទេសអូស្រ្តាលី អាចត្រូវចំណាយប្រាក់ប្រហែលជាង១ពាន់លានដុល្លារអូស្រ្តាលី (៧៥០លានដុល្លារអាមេរិក)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩។
លោក Musk បានលើកឡើងបែបនេះ ក្នុងសារឆ្លើយតបទៅនឹងសំណួររបស់សមាជិកសភាអូស្រ្តាលីនៃរដ្ឋ New South Wales គឺលោក ជែរែមី បាក់ឃីងហាម (Jeremy Buckingham) ដែលបាននិយាយថា ទីក្រុងស៊ីដនីកំពុងតែប្រឈមនឹងភាពកកស្ទះចរាចរណ៍ខ្លាំង ហើយបានសួរថា តើត្រូវចំណាយថវិកាទំហំប៉ុណ្ណា ដើម្បីសាងសង់ប្រព័ន្ធផ្លូវក្រោមដីមួយ ដែលមានចម្ងាយ ៥០គីឡូម៉ែត្រ នៅពីក្រោមជួរភ្នំ Blue ដែលខណ្ឌចែកស៊ីដនីពីទឹកដីភាគខាងលិចដ៏ធំល្វឹងល្វើយនៃរដ្ឋ New South Wales។
លោក Musk បានតបដូច្នេះថា «ប្រហែល ១៥លានដុល្លារក្នុងមួយគីឡូម៉ែត្រ សម្រាប់ប្រភេទផ្លូវល្បឿនលឿនទ្វេទិស ដូច្នេះគឺប្រហែលខ្ទង់ ៧៥០លានដុល្លារ បូកជាមួយ៥០លានដុល្លារទៀតក្នុងមួយស្ថានីយ»។ យ៉ាងណាមិញ លោក Musk ពុំបានបញ្ជាក់ថា លោកចង់សំដៅលើដុល្លារអាមេរិក ឬក៏ដុល្លារអូស្រ្តាលីឡើយ តែបើលោកសំដៅលើដុល្លារអាមេរិកនោះគឺវាស្មើនឹងជាង ១ពាន់លានដុល្លារអូស្រ្តាលី។
គួរជម្រាបថា ក្រុមហ៊ុនមានឈ្មោះថា Boring Company របស់លោក Elon Musk បច្ចុប្បន្នកំពុងតែធ្វើតេស្តសាកល្បងលើប្រព័ន្ធផ្លូវក្រោមដីស្រដៀងគ្នានេះ ដើម្បីជួយសម្រួលចរាចរណ៍ធ្វើដំណើរនៅក្នុងទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក៕