(អាមេរិក)៖ អង្គការ NASA ប្រហែលជាត្រូវធ្វើការសម្រេចចិត្តក្នុងឆ្នាំនេះ ជុំវិញបេសកកម្មបញ្ជូនយានមួយគ្រឿង មានលក្ខណៈជាដ្រូនទៅកាន់ព្រះច័ន្ទ Titan របស់ភពសៅរ៍ (Saturn) ដើម្បីធ្វើការសិក្សាឲ្យកាន់តែស៊ីជម្រៅ នៃទីឋានទីពីរក្នុងប្រព័ន្ធព្រះអាទិត្យ ដែលមានវត្ថុរាវអណ្តែតលើផ្ទៃរបស់វា ដូចទៅនឹងស្ថានភាពរបស់ផែនដីយើងដែរនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩។
នៅក្នុងឆ្នាំ២០១៩នេះ ទីភ្នាក់ងារអវកាសអាមេរិក NASA ទំនងជានឹងត្រូវសម្រេចជ្រើសរើសរវាងបេសកកម្មខាងលើដែលមានឈ្មោះថា Dragonfly និងសំណើបេសកកម្មមួយផ្សេងទៀត ដែលស្តីពីការទៅប្រមូលយកគំរូស្លាកស្នាមពីអាចម៍ផ្កាយមួយ។ ប្រសិនបើត្រូវ NASA ជ្រើសរើសយកបេសកកម្ម Dragonfly នឹងមានគោលដៅបាញ់បង្ហោះយានផ្ទុកដ្រូ ចេញពីផែនដីនៅឆ្នាំ២០២៥ ហើយនឹងទៅដល់ព្រះច័ន្ទ Titan នៅឆ្នាំ២០៣៤។
កន្លងមកអ្នកវិទ្យាសាស្រ្តទទួលបានព័ត៌មាន ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនអំពីព្រះច័ន្ទ Titan ដែលបានមកពីយាន Cassini និងយាន Huygens ដែលបានធ្វើដំណើរជាមួយ Cassini និងចុះដល់ទៅ Titan កាលពីឆ្នាំ២០០៥។ ប៉ុន្តែ Cassini ពុំមានឱកាសបានមើលឃើញច្បាស់នូវផ្ទៃរបស់ Titan ឡើយ ដោយសារតែបរិយាកាសដ៏ក្រាស់របស់វា រីឯយាន Huygens វិញ គ្រាន់តែចុះទៅដល់ភ្លាមវាក៏អស់ថ្មត្រឹមតែប៉ុន្មានម៉ោងក្រោយប៉ុណ្ណោះ ប៉ុន្តែវាអាចយល់ដឹងពីសណ្ឋានដី ខ្យល់ និងកំហាប់បរិយាកាសរបស់ព្រះច័ន្ទ Titan បានច្រើនគួរសម ដែលយើងមិនធ្លាប់បានដឹងពីមុនមក។
ដូច្នេះ NASA សង្ឃឹមថា យាន-ដ្រូន Dragonfly នឹងអាចធ្វើការរុករកនៅតាមទីតាំងជាច្រើនរបស់ព្រះច័ន្ទ Titan ក្នុងអំឡុងពេល ០២ឆ្នាំ ប្រសិនបើបេសកកម្មនេះ ត្រូវបានអង្គការ NASA ជ្រើសរើសយក។ ព្រះច័ន្ទទីតានមានទំហំធំជាងព្រះច័ន្ទរបស់ផែនដីយើង និងធំបំផុតលំដាប់ទីពីរ នៅក្នុងប្រព័ន្ធព្រះអាទិត្យ បន្ទាប់ពីព្រះច័ន្ទ Ganymede នៃភពព្រហស្បតិ៍ ដែលមានទំហំធំជាងភពពុធ ទៅទៀត។ ព្រះច័ន្ទធំបំផុតនៃភពសៅរ៍នេះមានអាកាសធាតុត្រជាក់ខ្លាំង ជាមួយបរិយាកាសក្រាស់ជាងផែនដី ៥០ភាគរយ ព្រមទាំងមានមហាសមុទ្រមេតានរាវ អណ្តែតនៅលើផ្ទៃរបស់វាថែមទៀតផង៕