ទីក្រុង L.A. នៃរដ្ឋកាលីហ្វ័រញ៉ាស្វាគមន៍ «ភ្ញៀវទេសចរចិន១.២លាននាក់» ក្នុងឆ្នាំ២០១៨ ដោយសារទំនាក់ទំនងល្អរវាងចិន និងកាលីហ្វ័រញ៉ា
17-01-2019 10:50
(អាមេរិក)៖ ទីក្រុងឡូសអាន់ជែឡេស (Los Angeles) នៃរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក បានទទួលស្វាគមន៍ភ្ញៀវទេសចរ ១.២លាននាក់ពីប្រទេសចិននៅឆ្នាំ២០១៨ ដែលស្ថិតនៅក្នុងកំណើនគួរឲ្យកត់សម្គាល់ បើធៀបនឹងតួលេខឆ្នាំ២០១៧។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩។
កាលពីឆ្នាំទៅមិញនេះ អ្នកទេសចរមកពីជុំវិញសកលលោកសរុប ៥០លាននាក់ធ្វើដំណើរទៅកាន់ទីក្រុង Los Angeles ដែលមានការកើនឡើង ៣.១ភាគរយធៀបនឹងឆ្នាំ២០១៧ ហើយវាក៏ជាសញ្ញានៃការរីកចម្រើនក្នុងវិស័យទេសចរណ៍សម្រាប់ទីក្រុងនេះ ក្នុងរយៈពេល ០៨ឆ្នាំជាប់ៗគ្នាផងដែរ ខណៈអ្នកទេសចរពីប្រទេសចិន ស្ថិតនៅក្នុងចំនួនកើនឡើង និងជួរមុខមួយផងដែរ។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាភិបាលផ្នែកទេសចរណ៍ទីក្រុង Los Angeles បានបង្ហាញមោទនភាពជាខ្លាំង ដែលខ្លួនបានសម្រេចចិត្តត្រឹមត្រូវ ក្នុងការធ្វើដំណើរទៅកាន់ប្រទេសចិនកាលពី ១៣ឆ្នាំមុន ហើយបើកការិយាល័យដំបូងនៅរដ្ឋធានីប៉េកាំង។ បច្ចុប្បន្នស្ថាប័ននេះមានការិយាល័យសរុបចំនួន ០៤នៅលើទឹកដីចិន និងកំពុងមានគម្រោងថា នឹងបើកបន្ថែមជាបន្តបន្ទាប់ទៀត នាពេលឆាប់ៗខាងមុខ៕