(សេអ៊ូល)៖ កូរ៉េខាងជើងនឹងបញ្ជូនមន្ត្រីជាន់ខ្ពស់ម្នាក់ ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងសប្ដាហ៍នេះ ខណៈមានសេចក្ដីរាយការណ៍ជាច្រើនថា ភាគីទាំងពីរសុទ្ធតែបង្ហាញពីបំណងរៀបចំកិច្ចប្រជុំកំពូលជាលើកទី ២ រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន។ នេះបើតាម CNN ដកស្រង់ការចេញផ្សាយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩។
សារព័ត៌មានអាមេរិក CNN តាមរយៈប្រភពដែលខ្លួនទទួលបានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង លោក គីម យ៉ុង ចុល (Kim Yong-chol) ត្រូវបានគេរំពឹងថា នឹងទៅដល់ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) សម្រាប់ការបំពេញដំណើរ ទស្សនកិច្ចរយៈពេល ០២ថ្ងៃ។ លើសពីនេះទៅទៀត នៅអំឡុងដំណើរទស្សនកិច្ចនេះ លោក គីម នឹងត្រូវជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ពាក់ព័ន្ធនឹងការរៀបចំជំនួបកំពូលអាមេរិក-កូរ៉េខាងជើងជាលើកទី ២។
គួរជម្រាបថា បើតាម CNN លោក គីម យ៉ុង ចុល និងមន្ត្រីកូរ៉េខាងជើង ០២រូបទៀត នឹងត្រូវចាកចេញដំណើរពីទីក្រុងប៉េកាំង ឆ្ពោះទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅម៉ោង ៦៖២៥នាទី ថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅកូរ៉េខាងជើង)។ ប៉ុន្តែ មកទល់នឹងពេលនេះ ពុំទាន់មានព័ត៌មានច្បាស់ការ ឬផ្លូវការណាមួយបញ្ជាក់ថា អតីតប្រធានទីភ្នាក់ងារស៊ើបការណ៍សំងាត់កូរ៉េខាងជើងរូបនេះ ស្ថិតនៅយន្ដហោះនេះដែរ ឬយ៉ាងនោះទេ៕