(សេអ៊ូល)៖ កិច្ចប្រជុំកំពូលជាលើកទី២ រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទំនងជា នឹងត្រូវធ្វើឡើងនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។ នេះបើតាមសមាជិកសភាអាមេរិក លោក Michael McCaul ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩។
ការកត់សម្គាល់ខាងលើរបស់លោក McCaul កើតមានឡើងក្រោយមានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ថាទីក្រុងហាណូយមានអាទិភាពខ្ពស់ ជាងគេក្នុងការរៀបចំជំនួបកំពូលរវាងលោក ត្រាំ និងលោក គីម ខណៈទីក្រុងបាងកក ប្រទេសថៃ និងកោះហាវ៉ៃ ក៏បានស្នើទទួលរៀបចំកិច្ច ប្រជុំនេះដែរ។ លោក McCaul បានគូសបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដូច្នេះថា៖«ខ្ញុំបានជួបអគ្គរដ្ឋទូតជាច្រើនរូបនៃបណ្ដាប្រទេសក្នុង តំបន់អាស៊ីប៉ាស៊ីហ្វិកខាងកើត កាលពីថ្ងៃអង្គារ(ម៉ោងនៅអាមេរិក)...ហើយកិច្ចប្រជុំកំពូលជាលើកទី២រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទំនងជានឹងត្រូវធ្វើឡើងនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។ លោក Michael McCaul គឺជាសមាជិកសភាមួយរូបមកពីគណបក្សសាធារណរដ្ឋ និងជាសមាជិកជាន់ខ្ពស់នៃគណៈកម្មាធិការកិច្ចការបរទេស របស់សភាអាមេរិក។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន សារព័ត៌មានកូរ៉េខាងត្បូងជាច្រើន ក៏បានរាយការណ៍ដែរថាប្រធានាធិបតីលោក ដូណាល់ ត្រាំ ចង់ជួបលោក គីម ជុងអ៊ុន ជាលើកទី២នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម នៅពាក់កណ្ដាលខែកុម្ភៈខាងមុខនេះ រីឯទីក្រុងព្យុងយ៉ាងក៏កំពុងពិចារណា លើសំណើនេះដែរ៕